ព័ត៌មានជាតិ

មូលនិធិខ្មែរ ចំណាកស្រុក សម្តេច តេជោ សែន ចេញញ្ញត្តិគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែន

ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃមូលនិធិខ្មែរចំណាកស្រុក សម្តេចតេជោ សែន ដែលមានទីស្នាក់ការ នៅទីក្រុងបាងកក ប្រទេសថៃ សូមសម្តែងការគាំទ្រ យ៉ាងក្លៀវក្លា ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសចំណាត់ការ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោល នយោបាយឈ្នះឈ្នះ លើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។

មូលនិធិខ្មែរចំណាក ស្រុកសម្តេចតេជោ សែន មានជំនឿយ៉ាងមុតមាំ លើរាជរដ្ឋាភិបាលកម្ពុជា និងសូមចាត់ទុក ចំណាត់ការរបស់អាជ្ញាធរមានសមត្ថិកច្ច ក្នុងការចាប់ខ្លួនបុគ្គល រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំកម្ពុជា ជាចំណាត់ការដ៏ត្រឹមត្រូវបំផុត ក្នុងការរក្សាសន្តិភាពសម្រាប់ប្រទេសជាតិ ។ សេចក្តីថ្លែងការណ៍ដែលបុគ្គល រ៉ុង ឈុន បានចេញផ្សាយជាសាធារណៈកន្លងមកនេះបានប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ និងធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានមកលើកិច្ចការងារព្រំដែន របស់រាជរដ្ឋាភិបាលជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានចេតនា បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ព្រមទាំងកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់ វិស័យជូនជាតិមាតុភូមិ។

មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន សូមរក្សាជំហរគាំទ្ររាជរដ្ឋាភិបាល និងសូមអំពាវនាវដល់សាធារណមតិជាតិ អន្តរជាតិ មេត្តាកុំជឿលើការផ្សាយ ព័ត៌មានបំផ្លើស ដែលមានលក្ខណៈញ៉ុះញ៉ង់របស់បុគ្គល រ៉ុង ឈុន បណ្ដាញសារព័ត៌ មាននានា សមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលគ្មានគោលបំណងអ្វីក្រៅពីការបំភ័ន្ត បំភិតបំភ័យ មួលបង្កាច់ និងបំពុលសាធារណជន បង្កឱ្យមានភាពចលាចល អស្ថិរភាព និងរាំងស្ទះដល់ការអភិវឌ្ឍរបស់កម្ពុជានោះឡើយ។

មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន សូមអំពាវនាវដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់បន្តអនុវត្តច្បាប់ ជាធរមានស្របតាមរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា ៕

To Top