ព័ត៌មានជាតិ

វត្ថុតាងគ្រឿងញៀន ប្រមាណ ៣៨ គីឡូក្រាម នឹងដុតបំផ្លាញ នៅព្រឹកថ្ងៃទី៤ ស្អែក

ស្វាយរៀង ៖ លោក ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមបើកកញ្ចប់ វត្ថុតាងគ្រឿងញៀន នៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីត្រៀមដុតបំផ្លាញចោល នៅថ្ងៃទី ៤ខែសីហាឆ្នាំ ២០២០ ដែលស្ថិតក្រោមអធិបតីភាព លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ពិធីនេះមានការចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងលោកខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀង លោក លោកស្រីអភិបាលរងខេត្ត ព្រះរាជអាជ្ញាព្រះរាជអាជ្ញារងទាំង៤ខេត្ត ព្រមទាំងសមត្ថកិច្ចជំនាញ គ្រឿងញៀនជាច្រើនរូបផងដែរ។

លោក ប៉ុក ម៉ាន់នី បានថ្លែងថា រយៈកាលកន្លងមក ប្រជាពលរដ្ឋមួយចំនួន តែងតែមានការងឿងឆ្ងល់និងសួរថា សមត្ថកិច្ចក្រោយប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន រួចវត្ថុ តាងបញ្ជូនទៅណា? យកទៅណា ? តើពេលណាគេធ្វើពិធី ដុតកម្ទេចចោល ? ជាក់ស្ដែង សម្រាប់ខេត្តស្វាយរៀងជាលើកទី២ហើយ ដែលអាជ្ញាធរពាក់ព័ន្ធ ធ្វើពិធីដុតកម្ទេចចោល គ្រឿងញៀនទាំងអស់នេះ ។

លោកបានបន្តថា កម្មវិធី ដុតបំផ្លាញគ្រឿងនេះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដែលដាក់ឲ្យអនុវត្តដល់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឲ្យមានទិវាថ្ងៃ ២៦ ខែមិថុនា គឺជាទិវា ប្រារព្ធឡើង ដើម្បីដុតបំផ្លាញគ្រឿងញៀន ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ។ កន្លងមកអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតគ្រឿងញៀនផង និងក្រសួងយុត្តិធម៌ ក៏បានដុតបំផ្លាញគ្រឿងញៀនចោលផងដែរ ។ ប៉ុន្តែកាតព្វកិច្ចទាំងនេះដោយយល់ឃើញថា មានការចាំបាច់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីដុតបំផ្លាញគ្រឿងញៀន នៅពេលតែមួយគឺជៀសវាង ការប្រព្រឹត្តអនុវត្តច្រើនដង ដែលនាំឲ្យមានការលំបាកដល់ចៅក្រម ព្រះរាជអាជ្ញាទូទាំងប្រទេស ដែលក្នុងការរក្សាទុកវត្ថុតាង គ្រឿងញៀនទាំងអស់នេះ ។

សូមបញ្ជាក់ថា គ្រឿងញៀននិងវត្ថុតាង ដែលត្រូវដុតបំផ្លាញ ចោលមាន៤ខេត្ត គឺខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម ស្មើរនិង៥២២សំណុំរឿង ក្នុងនោះគ្រឿងញៀន ៣៦Kg.៨៣៤,២៩g សារធាតុគីមី២២៦៨,៨៩g កញ្ឆា៨,៩៦g ៕

To Top