ព័ត៌មានជាតិ

កម្ពុជាត្រៀមថវិកា ជាង១១លានដុល្លារ ក្នុងការបន្ត ប្រយុទ្ធប្រឆាំងជំងឺអេដស៍

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមចំណាយថវិកា ជាង១១លានដុល្លារ ក្នុងការបន្តប្រយុទ្ធប្រឆាំង មេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចគោលដៅ នៅក្នុងឆ្នាំ២០៥០ កម្ពុជាគ្មានមេរោគអេដស៍ និងជំងឺអេដស៍ ទាំងស្រុង ។យោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។

ក្នុងសិក្ខាសាលាស្តីពី ការធ្វើកិច្ចសន្យាសង្គម សម្រាប់សង្គមស៊ីវិល ដែលធ្វើការងារ ឆ្លើយតបនឹងមេរោគ អេដស៍ និងជំងឺអេដស៍ នៅកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា រាជរដ្ឋាភិបាលគ្រោងនឹងចំណាយ ថវិកា១១លានដុល្លារ សម្រាប់រយៈ៣ឆ្នាំខាងមុខ ក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍។ ការផ្ដល់ថវិការនេះ ជាគោលបំណងដ៏មោះមុត ក្នុងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា។

លោកបន្ដថា ថវិកាទាំងនេះ គឺមិនទាន់គ្រប់គ្រាន់ ក្នុងការឆ្លើយតប ក្នុងប្រយុទ្ធប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍ នេះទេ ដោយកម្ពុជានៅតែត្រូវការជំនួយ ពីអន្តរជាតិបន្ថែមទៀត។ ដោយសារការគៀបសង្កត់ របស់កូវីដ-១៩ នឹងមិនមានថវិកាជាតិ ផ្តល់ជូនអង្គការសង្គមស៊ីវិល នៅឆ្នាំ២០២១ និង២០២២នោះទេ។

លោកបញ្ជាក់ថា នៅក្នុងរយៈពេលជាងបីទសវត្សរ៍ កន្លងមកនេះ ប្រទេសកម្ពុជា បានពឹងផ្អែកយ៉ាងខ្លាំង ទៅលើការផ្តល់ថវិកាពីខាងក្រៅ ក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ក្នុងថវិកា៣៤,៤លានដុល្លារអាមេរិក នៃការចំណាយសរុប សម្រាប់ការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ មានថវិកាជាតិតែ ៨,៣លានដុល្លារអាមេរិក ឬ២៤%ប៉ុណ្ណោះ។

របាយការណ៍វាយតម្លៃ ការចំណាយសរុប លើការងារអេដស៍ នៅប្រទេសកម្ពុជាឆ្នាំ២០១៧ បានបង្ហាញថា អង្គការសង្គម ស៊ីវិល បានទទួលថវិកាចំនួនជិត ១១លានដុល្លារ ដែលស្ទើរតែទាំងអស់ ជាហិរញ្ញប្បទានក្រៅប្រទេស៕

To Top