ព័ត៌មានជាតិ

អនុវត្តរៀបចំសណ្ដាប់ធ្នាប់ ទីប្រជុំជនផ្សារផ្អាវ អាជ្ញាធរប្រើគ្រឿងចក្រឈូសឆាយ សម្អាតចិញ្ចើមផ្លូវ និង មាត់លូ

កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម រួមសហការជាមួយអាជ្ញាធរស្រុកបាធាយ ដឹកនាំដោយលោក អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្តកំពង់ចាម លោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត និងអភិបាលស្រុកបាធាយ លោក ផេន សុផល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នេះ បានអនុវត្ត ទៅលើការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ទីប្រជុំជនផ្សារផ្អាវ ស្រុកបាធាយ ឈានចូលដល់ដំណាក់កាលទី៣ ដែលអាជ្ញាធរត្រូវប្រើគ្រឿងចក្រ ដើម្បីឈូសឆាយដីចិញ្ចើមផ្លូវ និងមាត់លូ ។

ក្នុងប្រតិបត្តិការតំណាក់កាលទី ៣ នេះ ស្នងការរងនគរបាលខេត្តកំពង់ចាម លោក សោម រស់ បានមានប្រសាសន៍ឲ្យដឹងថា ថ្ងៃនេះកម្លាំងសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់លើចិញ្ចឹមផ្លូវ និងមាត់លូ តាមខ្នងផ្ទះប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវជាតិលេខ ៦ A ដោយក្នុងនោះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចប្រើប្រាស់គ្រឿងចក្រចំនួន៣ គ្រឿងដើម្បីអនុវត្តការងាររៀបចំសម្អាត ចិញ្ចើមផ្លូវ។

លោកស្នងការរង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះដែរ បន្ទាប់ពីកម្លាំងអាជ្ញាធរបានចុះធ្វើការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលបានសាងសង់សំយ៉ាប ឬក៏ទីកន្លែងលក់ដូរប៉ះពាល់មកដល់ចំណីផ្លូវ ឲ្យធ្វើការរុះរើចេញ មុនពេលអាជ្ញាធរចុះធ្វើការរៀបចំមាត់លូ និងចិញ្ចើមផ្លូវ ។ ឃើញថា ខាងប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ បានសហការជាមួយអាជ្ញាធរបានយ៉ាងល្អ នឹងធ្វើការរុះរើថយចូលក្នុងគ្រប់ៗគ្នា ដោយមិនមានបញ្ហាចម្រូងចម្រាសអ្វីឡើយ ។

លោកស្នងការរងបានឲ្យដឹងទៀតថា នៅក្នុងតំណាក់ខាងមុខ អាជ្ញាធរនិងរៀបចំ ចិញ្ចើមផ្លូវឱ្យបានស្អាត និងប្រព័ន្ធលូ នឹងសាងសង់ឃឿន តាមបណ្ដោយផ្លូវ ៦A នៃទីប្រជុំជនផ្សារផ្អាវនេះតែម្តង ដើម្បីធ្វើឲ្យមានសោភ័ណភាព បន្ទាប់ពីទីប្រជុំជននេះមានសណ្ដាប់ធ្នាប់ល្អហើយនោះ។

To Top