ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់អន្តោប្រវេសន៍ ជំរុញស្នងការរាជធានី-ខេត្ត ណែនាំដល់ជនបរទេស ដែលកាន់ប័ណ្ណស្នាក់នៅ អចិន្ត្រៃយ៍អស់សុពលភាព ឲ្យមកបន្តសុពលភាព

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ បានធ្វើការជំរុញ ដល់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវណែនាំ ឲ្យជនបរទេសអន្តោប្រវេសន៍ ដែលកាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អស់សុពលភាព ឲ្យមកបន្តសុពលភាព។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ របស់នាយកដ្ឋាន ជនបរទេសអន្តោប្រវេសន៍ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ លោក សុវណ្ណា ពិសាខា បានថ្លែងថា «សូមធ្វើការណែនាំ ឲ្យបន្តជំរុញដល់ស្នងការ រាជធានី-ខេត្ត ចំពោះជនបរទេសអន្តោប្រវេសន្ត ដែលកាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អស់សុពលភាព ឲ្យមកបន្តសុពលភាព។ ជាពិសេសបន្តជំរុញ និងបង្កើនសមត្ថភាព ដល់មន្រ្តីនាយកដ្ឋាន ដោយត្រូវអនុវត្ត តាមតួនាទីភារកិច្ច ដើម្បីបម្រើនាយកដ្ឋាន អគ្គនាយកដ្ឋាន និងក្រសួង ឲ្យមានការរីកចម្រើនបន្ថែមទៀត»។

ឆ្លៀតឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា លើកឡើងថា កត្តាធនធានមនុស្ស ដែលអាចធ្វើឲ្យ នាយកដ្ឋានមានសក្តានុពល សម្ព័ន្ធភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ក្រោម ត្រូវធ្វើការតាមរចនាសម្ព័ន្ធ ទើបការងារមានប្រសិទ្ធិភាព ត្រូវយល់ពីទស្សនៈវិស័យ របស់នាយកដ្ឋាន និងភាពជាថ្នាក់ដឹកនាំ ដែលកំណត់ការជោគជ័យ របស់នាយកដ្ឋាន៕ ដោយ៖ អេង ប៊ូឆេង

To Top