ព័ត៌មានជាតិ

កម្ពុជាគ្រោង ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្ដាលប្រទេសធំៗ មួយចំនួនបន្ថែមទៀត

ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រៅពីប្រទេសចិន និងកូរ៉េខាងត្បូង កម្ពុជាក៏បាននិងកំពុង គ្រោងនឹងធ្វើការចរចា យកកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយ ប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)បន្ថែមទៀត ដើម្បីកាន់តែទទួលបាន ផលចំណេញពីការអនុគ្រោះពន្ធ ក្នុងការនាំចេញទំនិញកាន់តែច្រើន។

ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មី នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ លោកប៉ានសូរស័ក្តិ បានបញ្ជាក់ថា ថ្មីៗនេះកម្ពុជា ទើបទទួលបានជោគជ័យក្នុងការ «បញ្ចប់នៃកិច្ចចរចា បង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិនFTA» និងរង់ចាំពេលវេលា ចុះហត្ថលេខាតែប៉ុណ្ណោះ។ ហើយកិច្ចព្រមព្រៀងនេះ នឹងផ្ដល់ផលប្រយោជន៍ យ៉ាងច្រើនដល់កម្ពុជា ឱ្យទទួលបានផលចំណេញ ពីការអនុគ្រោះពន្ធ ក្នុងការនាំទំនិញ ចេញទៅប្រទេសចិន មានន័យថា នៅពេលកិច្ចព្រមព្រៀងនេះ ចូលជាធរមានទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធនាំចូល ដោយស្វ័យប្រវត្តិ។

លោកបន្ថែមថា “ក្រៅពីចិននិងកូរ៉េខាងត្បូង កម្ពុជាក៏គ្រោងនឹងធ្វើការចរចា យកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) ដែលមានសមាជិកចំនួន៥ គឺប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ីផងដែរ”។
លោកបន្ថែមទៀតថា ក្រសួងបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចា ជាមួយប្រទេសគោលដៅទាំងអស់នេះ រួចរាល់ផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបាននិងកំពុង អនុវត្តយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវ ដែលមានភាពស៊ីចង្វាក់គ្នា និងប្រទាក់ក្រឡា ជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិ មួយចំនួនទៀត។

លោកបន្ថែមថា ក្រសួងក៏បានកំពុងរៀបចំ លិខិតបទដ្ឋានគតិយុត្តិ និងពិនិត្យលើការធ្វើវិសោធនកម្ម ច្បាប់មួយចំនួន ដើម្បីបម្រើនិងធានា ការពារអត្ថប្រយោជន៍វិស័យឯកជន និងសាធារណជន ជាពិសេសធ្វើទំនើបកម្ម ឱ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។

ជាមួយនោះ លោកក៏បានណែនាំ ក៏ដូជាអំពាវនាវ ដល់មន្រ្តីក្រោមឱវាទ ក៏ដូចជាប្រធានមន្ទីរទូទាំងប្រទេស ត្រូវបន្តខិតខំយកចិត្តទុកដាក់ ក្នុងការពង្រីកចំណេះដឹងខ្លួនឯងបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស ព្រមទាំងត្រូវបន្តធ្វើសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ នូវកម្មវិធីកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល កំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។

លោកសង្កត់ធ្ងន់ថា ត្រូវបញ្ចៀសដាច់ខាត ការទាមទារកម្រៃសេវាក្រៅផ្លូវការ ពីផលិតករ-អាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាសរួមស្តីពី កម្រងសេវាសាធារណ: រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លើសពីនេះទៀត លោកក៏បានស្នើ ដល់គ្រប់ស្ថាប័នទាំងអស់ ត្រូវបន្តចូលរួមផ្សព្វផ្សាយ អំពីការការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ឱ្យគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យប្រទេសជាតិ ឆ្លងផុតពីជំងឺនេះ ជាលើកទី២ទៀត យ៉ាងឆាប់រហ័ស៕ ដោយ៖ធី លីថូ

To Top