ព័ត៌មានជាតិ

រដ្ឋមន្រ្តីពាណិជ្ជកម្ម ក្រើនរំលឹកមន្រ្តី ទូទាំងរាជធានី-ខេត្ត ឲ្យបន្តចុះពិនិត្យតម្លៃទំនិញ និងប្រេងឥន្ធនៈជាប្រចាំ

ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការក្រើនរំលឹកដល់ មន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ទូទាំងរាជធានី-ខេត្តទាំងអស់ ត្រូវបន្តចុះពិនិត្យ និងតាមដាន មើលតម្លៃទំនិញនិងតម្លៃប្រេងឥន្ធនៈ តាមស្ថានីយ៍នានា ជាប្រចាំ ក្រែងមានតម្លៃខុសប្រក្រតី ផ្ទុយពីតារាងតម្លៃកំណត់របស់ក្រសួង។

ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកោះកុង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០លោកប៉ាន សូរស័ក្តិ បានថ្លែងថា” មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាក.ប.ប.ខេត្តទាំងអស់ ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង “។

លោកសង្កត់ធ្ងន់ថា ត្រូវបន្តតាមដាន ការប្រកបអាជីវកម្ម ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ ហើយត្រូវរៀបចំបែងចែកការងារ និងប្រគល់ភារកិច្ច ឲ្យទទួលខុសត្រូវដល់ ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ និងមន្ត្រីក្រោមឱវាទ ឲ្យសមស្របតាមសមត្ថភាពការងារ និងត្រូវរៀបចំផែនការសកម្មភាពការងារ ផ្អែកតាមផែនការយុទ្ធសាស្រ្ដ របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាផែនការសកម្មភាពរបស់មន្ទីរ ឲ្យបានច្បាស់លាស់។

ក្នុងឱកាសនោះ លោកបញ្ជាក់ថា ច្បាប់ការពារអ្នកប្រើប្រាស់ បានចូលជាធរមានរួចរាល់ហើយ រីឯឯកសណ្ឋានថ្មី របស់ ក.ប.ប. ក៏ត្រូវបានអនុម័តរួចរាល់ហើយផងដែរ។ដូច្នេះ មន្ត្រី ក.ប.ប. ទាំងអស់ត្រូវខិតខំអនុវត្តតួនាទីឲ្យបានខ្ជប់ខ្ជួន និងមានប្រសិទ្ធភាពខ្ពស់ ព្រោះក.ប.ប
ជាមន្រ្តីនគរបាលយុត្តិធម៌។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក៏បានក្រើនរំលឹក មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ទាំងអស់ ត្រូវបន្តខិតខំអនុវត្តការងារវិមជ្ឈការនិង វិសហមជ្ឈការឲ្យបានល្អខ្ជាប់ខ្ជួន ដោយត្រូវមានម្ចាស់ការលើការងារ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ៕ដោយ៖ធី លីថូ

To Top