ព័ត៌មានជាតិ

និស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ប្រមាណ១០០នាក់ ស្វែងយល់ពី ចំណេះដឹង និងបទពិសោធន៍ ការងារការទូត

ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី ០១ ខែ សីហាឆ្នាំ២០២០ បានអញ្ជើញអ្នកជំនាញ ផ្នែកការទូត ដែលមានបទពិសោធន៍ជាង ២០ឆ្នាំ មកចែករំលែក ចំណេះដឹង និង បទពិសោធន៍ ការងារការទូតជូនដល់ គណៈគ្រប់គ្រង សាស្ដ្រាចារ្យ និង និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបប្រមាណ ជាង ១០០ នាក់ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ។

លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប មានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើង ក្នុងបំណងចែករំលែកនូវចំណេះដឹង សំខាន់ដល់ សាស្ដ្រាចារ្យ ពិសេសនិស្សិត ពាក់ព័ន្ធទៅនិងជំនាញផ្នែក ការទូត ដើម្បីជាប្រយោជន៍ដល់ការផ្សាភ្ជាប់ ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង ក្នុងការទំនាក់ទំនង សង្គមការងារ ។ លោកបណ្ឌិត ជា សុភាព បញ្ជាក់ថា សកលវិទ្យាល័យតែងធ្វើទំនាក់ទំនង ជាមួយស្ថាប័នសាធារណៈនិង វិស័យឯកជនជាច្រើន ដោយអញ្ជើញវាគ្មិនជំនាញឆ្នើមៗ មកធ្វើបាឋកថានិងបទបង្ហាញ នានាដែលពាក់ព័ន្ធទៅ និងជំនាញសិក្សារបស់និស្សិត ដើម្បីជាមូលដ្ឋានគ្រឹះនៃការពង្រឹងពុទ្ធិ ជំនាញឲ្យកាន់តែរឹងមាំ និងមានគុណភាពកាន់តែប្រសើរ ។

លោក ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី បានលើកឡើងថា បច្ចុប្បន្ននេះ មានបងប្អូននិស្សិត១ចំនួន មិនបានចាប់អារម្មណ៍ លើជំនាញផ្នែកការទូតនេះឡើយ ។ តាមពិតចំណេះដឹងផ្នែកការទូត គឺជាជំនាញ១ដែលមិនអាចខ្វះបាន ព្រោះថាបើយើងមិនមានជំនាញផ្នែកការទូតនេះទេ យើងមិនអាចធ្វើកិច្ចការទំនាក់ទំនង ក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ ទទួលបានជោគជ័យឡើយ ។វាក៏ដូចជាការធ្វើពាណិជ្ជកម្មដែរ បើយើងមិនចេះទំនាក់ទំនងបញ្ចុះបញ្ចូល ឲ្យគេចាប់អារម្ម ឲ្យគេស្គាល់ផលិតផលរបស់យើង ក៏យើងមិនអាចលក់ផលិតផលរបស់យើងដាច់ដែរ។ជាមួយនេះឯកឧត្តមបានលើឡើងពី បទពិសោធន៍និងវិធីសាស្ដ្រសំខាន់ៗដើម្បី ធ្វើយ៉ាងណា ឲ្យទំនាក់ទំនង រវាងប្រទេស និង ប្រទេសឲ្យមានលក្ខណៈល្អប្រសើរ ។

លោកបញ្ជាក់ថា ជំនាញផ្នែកការទូតគឺជាសិល្បៈ១ មានភពទន់ភ្លន់ និង ទាក់ទាញ ដែលធ្វើឲ្យដៃគូឬភាគីទំនាក់ទំនង មានការពេញចិត្ត និង យល់ស្រប ទៅតាមសំណើររបស់យើង។ ក្នុងឱកាសនោះដែរ គណៈគ្រប់គ្រងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក៏បានពិភាក្សាជាមួយលោក ហោ ណាំបូរ៉ា ពីការបង្កើតដេប៉ាតឺម៉ង់ ក្នុងការបណ្ដុះបណ្ដាលជំនាញឯកទេស ការទូតនេះនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សម្រាប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍ ធនធានមនុស្សលើផ្នែកនេះ និងបំពេញតម្រូវការទីផ្សារ សម្រាប់ប្រទេសយើង ដែលបច្ចុប្បន្ននៅមិនទាន់ មានធនធានមនុស្សគ្រប់គ្រាន់នៅឡើយ។

ក្រៅពីពិភាក្សា និង ចែករំលែកបទពិសោធន៍ លោក ហោ ណាំបូរ៉ា បានប្រគល់សៀវភៅ សរសេរពីជំនាញការទូតដែលជាស្នាដៃរបស់ឯកឧត្តមផ្ទាល់ ជូនដល់និស្សិត និង គណៈគ្រប់គ្រង សាកលវិទ្យាល័យអាស៊ីអឺរ៉ុបផងដែរ ៕

To Top