ព័ត៌មានជាតិ

ផែនទីកម្ពុជា ទទួលយកពីវៀតណាម ជាផែនទីធ្វើឡើង ដោយភាគីទាំង២

ភ្នំពេញ ៖ អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិ ការកិច្ចព្រំដែនកម្ពុជា បានអះអាងថា ផែនទីកម្ពុជា ទទួលពីភាគីវៀតណម គឺជាផែនទីធ្វើឡើង ដោយកម្ពុជានិងវៀតណាម ។ នេះសបញ្ជាក់ថា កម្ពុជាមាន របងផែនទីព្រំដែនច្បាស់លាស់ហើយ។

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានទទួលផែនទីព្រំដែន កម្ពុជា-វៀតណាម ។ ការទទួល នេះបន្ទាប់ពីគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការព្រំដែន និងជាប្រធាន គណៈកម្មការចម្រុះខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀតណា មដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក វៀតណាម បានជួបប្រគល់ ទទួលផែនទីឋានលេខា ព្រំដែនគោកខ្នាត ១/២៥ ០០០ រវាងកម្ពុជា-វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ ។

គណៈកម្មាធិកាព្រំដែនកម្ពុជា បានអះអាងថា ផែនទីឋានលេខាព្រំដែន កម្ពុជា-វៀតណាម មានមាត្រដ្ឋាន១/២៥០០០ នេះ បានបង្ហាញពេញលេញលទ្ធផលខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែលប្រទេសទាំងពីសម្រេចបាន។

ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.០បង្ហាញច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមមិសាស្រ្ត នៅលើដីជាក់ស្តែង បានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១០០០០០ ដែលមានតែខ្សែព្រំដែន មិនមានអ្វីច្រើនជាងនេះ។

ខណៈមានមតិមួយចំនួនសង្ស័យ ចំពោះផែនដីកម្ពុជា ទើបទទួលពីវៀតណាម មិនត្រឹមត្រូវ លោកស្រីកុយ ពិសី បានឲ្យដឹងនៅថ្ងៃ៤ សីហា ថា ផែនទីវៀតណាមប្រគល់ឲ្យកម្ពុជា គឺមិនមែនជាផែនទី របស់វៀតណាមនោះទេ ហើយអ្នកនិយាយពីផែនទីនេះ ជារបស់វៀតណាម គឺជាសំដីក្រុមប្រឆាំងរាជរដ្ឋាភិបាល។

លោកស្រីបញ្ជាក់ថា «ផែនទីនេះ គឺធ្វើឡើង ដោយគណៈកម្មាធិការព្រំដែនកម្ពុជា និងគណៈកម្មាធិការព្រំដែនវៀតណាម ។ ធ្វើរួមគ្នាដើម្បីបង្កើតផែនទីនេះ។ អីចឹងមិនមែនផែនទី ជារបស់វៀតណាមទេ ហើយផែន នេះបោះពុម្ពនៅប្រទេសដាណឺម៉ាក់ ហើយអ្វីដែលគណៈកម្មាធិការ ប្រតិភូមព្រំដែនកម្ពុជាទៅវៀតណាមនេះ គឺដើម្បីឲ្យវៀតណាម ជាអ្នកចងក្រងជាអាល់ប៊ុម ឬសៀវភៅ ដែលមានចំនួន ៥០០ច្បាប់ដើម។ ខាងកម្ពុជា ២៥០ក្បាលច្បាប់ដើម និងខាងវៀតណាម២៥០ក្បាលច្បាប់ដើម ។ អីចឹងយើងឲ្យគេចង់ជាអាល់ប៊ុម ហើយយើងទៅយក»។

លោកស្រីក៏បានឆ្លើយតប ទៅកាន់ក្រុមប្រឆាំងដែល និយាយរិះគន់ ចំពោះផែនទីព្រំដែននោះថា គ្មានសំអាងច្បាស់លាស់ មិនមានមូលហេតុសោះ។

លោកស្រីបញ្ជាក់ថា «ខ្ញុំចង់ប្រាប់ទៅអ្នកប្រឆាំងវិញ បើប្រឆាំង សូមមានមូលហេតុច្បាស់លាស់ និងមានទម្ងន់លើផ្លូវច្បាប់ ប៉ុន្តែអ្វីដែលគាត់ធ្វើនោះ មិនមានទម្ងន់លើផ្លូវច្បាប់ទាល់តែសោះ គ្មានមូលដ្ឋានអ្វីទាល់ តែសោះគឺមានតែបបូរមាត់ប៉ុណ្ណោះ។ បានជាខ្ញុំនិ យាយអីចឹង ព្រោះរដ្ឋាភិបាលចម្រុះឆ្នាំ១៩៩៣ បានសរសេរច្បាប់រដ្ឋធម្មនុញ្ញ ដែលត្រង់មាត្រា២ បានសរសេរថា ការធ្វើព្រំដែនកម្ពុជា-វៀតណាម យកតាមផែនទីអ្វី? បោះពុម្ភនៅឆ្នាំណា? សរសេរដោយ អ្នកណា? ឥឡូវរាជរដ្ឋាភិបាលធ្វើតាមហើយ គឺផែនទីព្រំដែនកម្ពុជា-វៀតណាម ធ្វើឡើងតាមផែនទីបោន ខ្នាត១លើ១០០០០០ បោះពុម្ពដោយភូមិសាស្ត្រឥណ្ឌូចិន នៅចន្លោះ ឆ្នាំ១៩៣៣ ដល់១៩៥៣ ឥឡូវយើងធ្វើដូចអ្វីដែលសរសេរអីចឹង ។ ឥឡូវនេះ យើងធ្វើបានព្រំដែន កម្ពុជា-វៀតណាម៨៤%»។

លោកស្រីបន្តថា ផែនទីផលិតបានថ្មីនេះគឺជា សមិទ្ធផល៨៤% ដែលទទួលបានពីការ ធ្វើជាមួយគ្នារវាងកម្ពុជា និងវៀតណាម។ ការធ្វើនេះមិនមានអ្វីខុសឆ្គងនោះទេ ហើយអ្វីដែលអតីតបក្សប្រឆាំង ក៏ដូចជាអ្នកប្រឆាំងលើកឡើង មិនទាន់ស្គាល់ជារឿង របស់ពួកគាត់។

លោកស្រីកុយ ពិសីគូសបញ្ជាក់ថា «យើងមិនអាចទុកឲ្យប្រទេសយើង គ្មានរបងនោះទេ គឺយើងត្រូវតែធ្វើ ធ្វើព្រំដែនមួយច្បាស់លាស់ ព្រំដែនដែលមានសុខ សន្តិភាព និងប្រតិបត្តិការនិងការអភិវឌ្ឍមួយច្បាស់ លាស់។ ព្រំដែនមានការយល់ព្រមទាំងសងខាង ហើយ មិនមែនជាព្រំដែន ដែលធ្វើឡើងទៅបង្ខិតបង្ខំ ដោយអាវុធនោះទេ។ ព្រំដែននេះគឺកើតចេញពីសុឆន្ទៈ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាមួយប្រទេសជិតខាង ក្នុងការរក្សាផ្ទៃដី ១០៨១.០៣៥ គីឡូម៉ែត្រ»។

លោកស្រីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានយល់ច្បាប់ត្រូវជឿ និងស្តាប់មន្ត្រីជំនាញ ស្តាប់រាជរដ្ឋាភិបាល ដែលខិតខំធ្វើកិច្ចការព្រំដែន៕ ដោយ៖ ស សំណាង

To Top