ស្វាយរៀង ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញ ពីយើងទាំងអស់គ្នា ” និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀន តាមអំណាចសាលក្រម សាលដីកា និង សេចក្តីសម្រេចរបស់សាលាដំបូង ចំនួន៤ខេត្ត រួមមានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ ។
ពិធីនេះបានប្រព្រឹត្តទៅស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានការចូលរួមពីអ្នកដែលពាក់ព័ន្ធចំនួន ៣៤២អង្គ/នាក់ នឹងវត្ថុតាងជាថ្នាំញៀន ដែលរឹបអូសបានទាំង៦ប្រភេទ ហើយត្រូវធ្វើការដុតបំផ្លាញ ចោលមានទម្ងន់សរុប៣៩.១១២,១៤ក្រាម (សាមសិបប្រាំបួនពាន់ មួយរយដប់ពីរ ក្បៀសដប់បួនក្រាម)។
នៅក្នុងឱកាសនោះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ពិធីដុតបំផ្លាញគ្រឿងញៀន ដែលប្រារព្ធធ្វើនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែង របស់ស្ថាប័ន មានសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន និងសម្រេចបានលទ្ធផល ដ៏ជោគជ័យក្នុងការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទន្ទឹមនេះក៏បានបង្ហាញឲ្យប្រជាពលរដ្ឋ និងសាធារណជនបានឃើញយ៉ាងច្បាស់ថា រាល់វត្ថុតាងគ្រឿងញៀន ដែលកងកម្លាំង មានសមត្ថកិច្ចបង្រ្កាបបាន គឺមិនត្រូវបានយកទៅប្រើប្រាស់ មុខសញ្ញាផ្សេងនោះឡើយ គឺបានរក្សាទុកយ៉ាងត្រឹមត្រូវប្រកបដោយសុវត្ថិភាព ដើម្បីធ្វើពិធីដុតបំផ្លាញ ដូចអ្វីដែលបានឃើញ និងដុតបំផ្លាញចោលនៅថ្ងៃនេះ។
លោករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងនូវចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
១- គ្រឿងញៀន និងវិបត្តិកូវីដ១៩ គឺជាបញ្ហាប្រឈម របស់យើងទាំងអស់គ្នា។
២- យុទ្ធនាការប្រឆាំងគ្រឿងញៀន៥លើក បង្ក្រាប ជាង៣ម៉ឺនករណី ឃាត់ជាង៦ម៉ឺននាក់ គ្រឿងញៀនជាង២៣០០គីឡូក្រាម។
៣- ការហូរចូលគ្រឿងញៀន ពីប្រទេសជិតខាង នាំឲ្យកម្ពុជាទៅជាទីផ្សារ និងកន្លែងផលិត។
៤- នារីកម្ពុជាម្នាក់ស៊ីឈ្នួល កាន់គ្រឿងញៀនទៅវៀតណាម ត្រូវតុលាការកាត់ទោសប្រហារជីវិត ។ ក្រសួងយុត្តិធម៌ ខិតខំពិនិត្យ និងការពារ តាមផ្លូវច្បាប់ ទាក់ទងក្រសួងការបរទេស ដើម្បីអនុវត្តន៍ តាមកិច្ចព្រមព្រៀងទ្វេភាគី ធ្វើយ៉ាងណា ឲ្យផុតពីទោសប្រហារជីវិត ៕