ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម បើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារ សុខភាពសត្វគោ ក្របី តាមខ្នងផ្ទះប្រជាពលរដ្ឋ

កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២០នេះ បានបើកយុទ្ធនាការ ចាក់ថ្នាំវ៉ាក់សាំងសត្វគោ ក្របី ដើម្បីការពារជំងឹឆ្លងផ្សេងៗ ស្ថិតនៅក្នុងភូមិដូង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ។

អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ជារៀងរាល់ឆ្នាំ ក្នុងខែសីហា មន្ត្រីជំនាញកសិកម្ម តែងតែបានអនុវត្ត ការចាក់ថ្នាំការពារជំងឺឆ្លង ដល់សត្វគោ.ក្របី តាមខ្នងផ្ទះប្រជាពលរដ្ឋរបស់យើង ឲ្យបានមុនពេលទឹកជំនន់ ដោយហេតុថា ពេលមានទឹកជំនន់ គោ.ក្របី វាងាយនឹងកើតជំងឺ ៣ ចំណុច ទី១ ជំងឺសារទឹក ទី២ជំងឺអុតក្តាម និងទី៣ជម្ងឺបូសខ្យល់ ។

លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា ថ្វីដ្បិតតែសម័យកាលនេះទំនើប មានប្រជាកសិករមួយចំនួន មានលទ្ធភាពប្រើគ្រឿងចក្រ ប៉ុន្តែក៏នៅមានកសិករយើងជាច្រើន ដែលកំពុងតែប្រើប្រាស់សត្វគោ ក្របី ដើម្បីប្រកបការងារកសិកម្មនេះផងដែរ ពោល គឺសត្វគោ ក្របីពិតជាមានផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករ ហេតុដូច្នេះហើយទើបអាជ្ញាធរខេត្ត ជាពិសេស គឺមានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការចាក់ថ្នាំការពារសុខភាពសត្វ នៅគ្រប់មូលដ្ឋានទាំងអស់ក្នុងខេត្តកំពង់ចាមតែម្តង ដើម្បីកុំឲ្យមានសត្វគោ ក្របី ងាប់ដោយសារជំងឺឆ្លងនោះដែលនាំឲ្យមានការខាតបង់ធ្ងន់ធ្ងរ ដល់ប្រជាកសិកររបស់យើង ។

លោកអភិបាលខេត្ត ឲ្យដឹងទៀតថា វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា បើទោះជាមុន ឬក្រោយពេលកើតមានជំងឺកូវីដ19 ក៏ដោយ ក៏វិស័យនេះ នៅតែសំខាន់សម្រាប់ប្រជាពលរដ្ឋយើង ប្រមាណជាង ៦០% ដែលប្រកបមុខរបរកសិកម្មនេះ ពិសេសគឺរំពឹងទៅលើសត្វគោ ក្របី ជាកម្លាំងអូសទាញតែម្តង ហេតុដូច្នេះហើយទើបអាជ្ញាធរ បានយកចិត្តទុកដាក់ គិតគូការពារសុខភាពសត្វគោ ក្របី ជាចំណុចចំបង ព្រោះសត្វពាហនៈទាំងនោះ អាចជួយជាប្រយោជន៍យ៉ាងច្រើននាំឲ្យបងប្អូនប្រជាពលរដ្ឋយើងមានជីវភាពធូរធារ។

លោកអភិបាលខេត្តបាន គូសបញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍ ទៅលើដំណាំស្រូវក្នុងឆ្នាំកន្លងទៅនេះ ដោយមើលឃើញថានៅតំបន់ខ្លះ កសិករអាចដាំស្រូវ បានដល់ទៅ ៣ ដង ក្នុងមួយឆ្នាំ ដោយសារតែពួកគាត់មានប្រភពទឹកគ្រប់គ្រាន់ ធ្វើឲ្យជីវភាពពួកគាត់កាន់តែធូរធារ ដោយសារផលដំណាំស្រូវរបស់គាត់ ទទួលបានក្នុងមួយហិចតាជាមធ្យមបាន ៦តោន ។ ប៉ុន្តែនៅតំបន់ខ្លះ គឺស្រូវស្កកខូច ដោយសារគ្រោះរាំងស្ងួត ហើយក៏ជាតំបន់ដែលពុំមានប្រភពទឹក ដោយកសិករយើងដាំស្រូវពឹងទៅលើទឹកភ្លៀងទាំងស្រុង ប្រការនេះ ទើបអាជ្ញាធរខេត្ត មានគម្រោងនៅឆ្នាំ ២០២២ និងបង្វែរពីការអភិវឌ្ឍផ្លូវ ទៅជាការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវិញម្ដង ដើម្បីធ្វើឲ្យកសិករយើង មានប្រភពទឹកគ្រប់គ្រាន់ ដើម្បីបង្ករបង្កើនផលលើវិស័យកសិកម្មនេះ ៕

To Top
×