ព័ត៌មានជាតិ

សម្ដេចតេជោ អរគុណចំពោះ មន្ដ្រីរាជការ និងជនរួមជាតិ ដែលជូនពរថ្ងៃកំណើត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះ មន្ដ្រីរាជការ និងជនរួមជាតិទាំងអស់ ដែលបានជូនពរ សម្ដេចក្នុងថ្ងៃកំណើត គម្រប់៦៨ ឈានចូល៦៩ឆ្នាំ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បានសរសេរថា «ថ្ងៃ៥ ខែសីហា ២០២០ ជាខួបកំណើតគម្រប់ ៦៨ឈានចូល ៦៩ឆ្នាំរបស់ខ្ញុំ (៥សីហា ១៩៥២-៥សីហា២០២០)។ សូមអរគុណបងប្អូន ដែលបានជូនពរខ្ញុំ ទោះបីខុសឆ្នាំក៏ដោយព្រោះ ខ្ញុំមានថ្ងៃកំណើតដល់ទៅពីរ» ។

សម្ដេចតេជោ ពន្យល់ថា ចំពោះថ្ងៃកំណើតរបស់សម្ដេចដល់ទៅពីរ រួមមាន ៖ ទី១-ថ្ងៃ៤ មេសា ១៩៥១ ដែលសម្ដេចបានបកស្រាយម្តងរួចហើយ គឺថ្ងៃ៤ មេសា យកថ្ងៃចូលបម្រើកងទ័ពតាមការអំពាវនាវ របស់សម្តេចឪ សម្តេចព្រះនរោត្តមសីហនុ ឆ្នាំ១៩៧០។រីឯឆ្នាំ១៩៥១ ដោយអ្នកវាយអង្គលីលេខវាយ ច្រឡំ និងយកទៅផ្សាយល្ងាចថ្ងៃ៨ មករា ១៩៧៩ ក្រោយពេលសម្ដេចត្រូវបាន ជ្រើសតាំងជា រដ្ឋមន្ត្រីការបរទេស។

សម្ដេចតេជោបន្ដថា ពេលនោះសម្ដេចមិនបានកែតម្រូវទេ ព្រោះចង់ឲ្យ ខ្លួនមានអាយុច្រើនបន្តិចដោយ សារកាន់តំណែងជា រដ្ឋមន្ត្រីការបរទេស អាយុមិនទាន់គ្រប់ ២៧ឆ្នាំផង។

ទី២-ថ្ងៃកំណើតពិតប្រាកដរបស់សម្ដេចគឺថ្ងៃ ៥សីហា ១៩៥២ ត្រូវនឹងថ្ងៃអង្គារ១៥កើត ខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។សម្ដេចថា ទោះជូនពរ៦៩ឆ្នាំ ឬ៧០ឆ្នាំ គឺទទួលបានទាំងអស់ និងសូមអរគុណសម្រាប់ ការស្រឡាញ់រាប់អាន។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការបញ្ជាក់របស់សម្ដេច ខាងលើសំដៅបញ្ជាក់ តើថ្ងៃកំណើតពិតប្រាកដមួយណា?។ សូមជូនពរជនរួមជាតិជួប តែសេចក្តីសុខសេចក្តីចម្រើន ៕

To Top