បរទេស៖ ប្រធានាធិបតី នៃប្រទេសប៉េឡារុស លោក Alexander Lukashenko នៅថ្ងៃអង្គារនេះ បានចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទនិយាយភូតភរកុហក ស្តីពីវត្តមានកងកម្លាំងសន្តិសុខ ជាប់កុងត្រារុស្ស៊ីនៅប៉េឡារុស និងបាននិយាយថា កងកម្លាំងគ្មានអាវុធ កំពុងតែព្យាយាមធ្វើបដិវត្តន៍ ប៉ុន្តែនឹងទទួលបរាជ័យ។
លោក Alexander Lukashenko ដែលបានឡើងកាន់អំណាច តាំងពីឆ្នាំ១៩៩៤មកនោះ នឹងដល់ពេលបោះឆ្នោតជាថ្មី នៅថ្ងៃអាទិត្យ ហើយនិងប្រឈមមុខ នឹងភាពលំបាកដ៏ធំបំផុតរបស់លោក ក្នុងរយៈពេលជាច្រើនឆ្នាំ ស្របពេលមានកំហឹងជាសាធារណៈ ជុំវិញវិធានការបស់លោក ក្នុងការគ្រប់គ្រងការរាតត្បាត ឆ្លងមេរោគកូរ៉ូណា សេដ្ឋកិច្ចនិងសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុននេះ ប្រទេសប៉េឡារុស បានឃុំខ្លួនបុគ្គលិកចុះកុងត្រារុស្ស៊ី និងបានបើកក្តីព្រហ្មទណ្ឌលើពួកគេ ដោយនិយាយថា ខ្លួនសង្ស័យថា មានការត្រៀមរៀបចំ សកម្មភាពភេរវកម្ម ហើយនិងបានលើកឡើងថា បុរសទាំងនោះ អាចមានជាប់ពាក់ព័ន្ធ នឹងសត្រូវនយោបាយរបស់លោក Lukashenko ផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង