ព័ត៌មានជាតិ

កម្ពុជាអំពាវនាវ ឲ្យសមាជិកអាស៊ាន លុបបំបាត់វិធានការ និងរបាំងមិនមែនពន្ធគយ

ភ្នំពេញ ៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងពាណិជ្ជកម្ម បានអំពាវនាវឲ្យមាន សហប្រតិបត្តិយ៉ាងជិតស្និទ្ធ រវាងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសឥណ្ឌា ប្រទេសជាសមាជិកអា ស៊ាន និងប្រទេសនៅតំបន់មហាសមុទ្រ ក្នុងការធ្វើសេរីភាវូបណីយកម្មសេដ្ឋកិច្ច ការលុបបំបាត់វិធានការ និងរបាំងមិនមែនពន្ធគយ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

ក្នុងប្រជុំកំពូលធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន-អូសិនីក លើកទី១ «INDO ASEAN Oceanic Business Summit and Expo» តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក ស៊ាង ថៃ បានថ្លែងថា ចំណាត់ការដ៏មានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ដោយបានទប់ស្កាត់មិនឲ្យមានការរីក រាលដាលក្នុងសហគមន៍ ដែលផ្តល់សុខសុវត្ថិភាព ដល់ប្រជាជន វិនិយោគិន និងធុរកិច្ចជននៅកម្ពុជា។

លោកបានសង្កត់ធ្ងន់ លើចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងភាគីឥណ្ឌា ជាពិសេសលើទំនាក់ទំនងលើ វិស័យពាណិជ្ជកម្ម។ ការវិវឌ្ឍន នៃការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងជាលំដាប់ គួឲ្យកត់សម្គាល់ ដោយទំហំពាណិជ្ជកម្មទ្វេភាគី នៅក្នុងឆ្នាំ ២០១៧ មានចំនួន ១២៨លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៨ កើនដល់ ២៧១លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។

លោកអំពាវនាវ ឲ្យមានកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ រវាងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសឥណ្ឌា ប្រទេសជាសមាជិកអាស៊ាន និងប្រទេសនៅតំបន់មហាសមុទ្រ ក្នុងការធ្វើ សេរីភាវូបណីយកម្មសេដ្ឋកិច្ច ការលុបបំបាត់វិធានការ និងរបាំងមិនមែនពន្ធគយ ។ការមិនគាំទ្រប្រព័ន្ធគាំពារនិយម និងជំនួសមកវិញ នូវការគាំទ្រយ៉ាងពេញទំហឹង នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី និយមជាពិសេសការគាំទ្រវត្តមាន និងតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក ជំរុញឲ្យមានវេទិកាធុរកិច្ចជន នឹងធុរកិច្ចជន និងជំរុញការចូលរួម ពីសំណាក់សហគ្រាសធុនតូច និងមធ្យម (SMEs)។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន -អូសិនីក លើកទី១ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការ សម្រាប់ការធ្វើឲ្យប្រសើរឡើង នូវសេដ្ឋកិច្ចក្នុងតំបន់» ដែលរៀបចំឡើងដោយ សហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) តាមប្រព័ន្ធវីដេអូ។ ដោយមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងវិស័យឯកជន នៃប្រទេសឥណ្ឌា ប្រទេសជាសមាជិកអាស៊ាន និងបណ្ដាប្រទេស នៅតំបន់មហាសមុទ្រដូចជា Fiji និង ណូវែលហ្សេឡង់ ជាដើម៕

To Top