ព័ត៌មានជាតិ

មន្ត្រីជំនាញ ខេត្តស្វាយរៀង ចុះពិនិត្យទំនិញតាមម៉ាត និងផ្ទះលក់អីវ៉ាន់ចាប់ហួយ នៅក្រុងស្វាយរៀង ដើម្បីស្វែងរកទំនិញ ខូចគុណភាព

ស្វាយរៀង ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២០នេះ បានចុះពិនិត្យមុខទំនិញ នៅតាម៉ាតនិងផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់ ជាពិសេសផ្ដោតសំខាន់ ទៅលើផលិតផលទឹកដោះគោ សម្រាប់ចិញ្ចឹមទារកនិងកុមារ។

មន្ត្រីជំនាញបានដឹងថា ដើម្បីលើកទឹកចិត្តឲ្យមានការបំបៅកូន ដោយទឹកដោះម្ដាយ និងការធ្វើពាណិជ្ជកម្មដោយសុចរិត ក្រសួងពាណិជ្ជកម្ម បានជម្រាបជូនដល់ក្រុមហ៊ុន ធ្វើអាជីវកម្មនាំចូលចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមខ្លឹមសារច្បាប់និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីជំនាញ បានបន្តថា ក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ពីថ្ងៃ ចេញសេចក្តីជូនដំណឹងនេះ ប្រសិនបើមន្ត្រី នៃអគ្គនាយកដ្ឋានក.ប.ប នៃក្រសួងពាណិជ្ជកម្ម រកឃើញផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ ប្រភេទណាមួយ មិនបានអនុវត្តតាមខ្លឹមសារ ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវផ្សេងៗទៀត នៃអនុក្រឹត្យលេខ១៣៣ និងប្រកាសរួមលេខ០៦១ស.ន.រ.ប. មន្ត្រីអគ្គនាយកដ្ឋានក.ប.ប នៃក្រសួងពាណិជ្ជកម្ម និងចាត់វិធានការ ផ្អាកជាបណ្ដោះអាសន្ន នូវការចរាចរនិងដកហូតចេញ ពីទីផ្សារឬអនុវត្តនីតិវិធីផ្សេងៗទៀត ដោយអនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិជាធរមានផ្សេងទៀត ដោយមិនលើកលែង ។

មន្ត្រីជំនាញបានបន្តថា ដោយមើលឃើញការផ្សព្វផ្សាយ លក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដោយមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួន នៅលើសំបកវេចខ្ចប់ជាប់ នឹងផលិតផលរបស់ខ្លួន ដូចជាការបង្ហាញណែនាំ អំពីវិធីប្រើផលិតផលជាភាសាខ្មែរ និងជាពិសេសពាក្យថា “គ្មានអ្វីប្រសើរជាងការបំបៅកូន ដោយទឹកដោះម្ដាយតែមួយមុខគត់រហូតបាន ៦ខែ នឹងបន្តការបំបៅដោះម្ដាយ រហូតបានអាយុ២ឆ្នាំ ឬលើសឡើយ”។

មន្ត្រីជំនាញបានបញ្ជាក់ទៀតថា នៅថ្ងៃនេះដែរមន្ត្រីជំនាញយើង បានចុះពិនិត្យនៅតាមម៉ាតមួយចំនួន នៅក្នុងក្រុងស្វាយរៀង និងតាមផ្ទះលក់ ឥវ៉ាន់ចាប់ហ៊ួយ ដែលតាំងលក់នូវផលិតផលទឹកដោះគោ ក៏ដូចជាជំនាញផ្សេងៗទៀត ដើម្បីស្វែងរកទំនិញ ដែលហួសការបរិច្ឆេទប្រើប្រាស់ ដើម្បីដកហូតយកទៅដុតកម្ទេចចោល ក្នុងនោះជាលទ្ធផលជំនាញ ពុំបានរកឃើញផលិតផល ក៏ដូចជាទឹកដោះគោ ដែលខូចគុណភាពប្រើប្រាស់នោះទេ ហើយបានណែនាំដល់អាជីវករ ត្រូវលក់ផលិតផលណា ដែលមានកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវ ច្បាស់លាស់ដើម្បីធានាបានសុខមាលភាព ជូនប្រជាពលរដ្ឋនិងបានចែកលិខិត ជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដល់អាជីវករផងដែរ៕

To Top