ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប នឹងរៀបចំកម្មវិធីកំសាន្ត ជាច្រើនទាក់ទាញភ្ញៀវ ទេសចរណ៍ ថ្ងៃឈប់ សម្រាកខាងមុខ

ភ្នំពេញ ៖ ខេត្តសៀមរាប នឹងរៀបចំកម្មវិធីកំសាន្ត តាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដោយអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ ក្រោមការដឹកនាំលោក ទៀ សីហា អភិបាលខេត្តសៀមរាប ។ នេះបើតាមការចេញផ្សាយ របស់រដ្ឋបាលខេត្តសៀមរាប ។

កម្មវិធីនេះរដ្ឋបាលខេត្ត បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីត្រៀមរៀបចំ ទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាក សងថ្ងៃឈប់សម្រាក សម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។

កម្មវិធីកំសាន្ត ដែលបានគ្រោងរៀបចំ រួមមាន៖
១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេ នៅខេត្តសៀមរាប
៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីកីឡាវាយកូនហ្គោល
៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
៩.ផ្ទាំងទស្សនីយភាពសិល្បៈ

ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ខេត្តបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ ចូលរួមអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖
១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា
២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃ ជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ៕

To Top