ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ៖ ក្រសួងមិនទទួលស្គាល់ឡើយ ចំពោះផ្លូវណាសាងសង់ គ្មានលក្ខណៈបច្ចេកទេស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ ក្រុមហ៊ុនសាងសង់ផ្លូវថា ក្រសួងមិនទទួលស្គាល់ឡើយ ចំពោះផ្លូវណា សាងសង់គ្មានលក្ខណៈបច្ចេកទេស ហើយក្រសួងនឹងឲ្យក្រុមហ៊ុននោះ សាងសង់ឡើងវិញ។

ក្នុងឱកាសចុះត្រួតពិនិត្យ វឌ្ឍនភាពការសាងសង់អាគារស្ទឹងបត់ ច្រកព្រំដែន កម្ពុជា-ថៃ នារសៀលថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា លោកនឹងបន្ដ ចុះត្រួតពិនិត្យការដ្ឋានផ្លូវ នៅកម្ពុជា ដោយមិនប្រាប់ក្រុមហ៊ុនសាងសង់ឲ្យដឹងជាមុន ដើម្បីធ្វើយ៉ាងណាឲ្យផ្លូវនៅកម្ពុជា មានភាព រឹងមាំបន្ថែមទៀត។

លោក មានប្រសាសន៍ថា «យើងខ្ញុំបានពង្រឹង គុណភាពផ្លូវច្រើនណាស់ តើផ្លូវហ្នឹងមិនធ្វើតាមលក្ខណៈ បច្ចេកទេសយើងមិនទទួលទេ យើងឲ្យធ្វើឡើងវិញ ហើយផ្លូវមួយចំនួន យើងបានឲ្យធ្វើឡើងវិញ ទោះបី ជាធ្វើឡើងវិញក៏ដោយ ខ្ញុំក៏មិនសប្បាយចិត្តដែរ ធ្វើម្ដង ធ្វើឲ្យល្អទៅ កុំធ្វើពីរម្ដង នាំខាតពេលវេលា»។
លោករៀបរាប់ថា ផ្លូវធ្វើអស់ថវិកា១០០លានដុល្លារ ទៅ២០០លានដុល្លារ ប្រើប្រាស់បាន១ឆ្នាំ ប៉ះកន្លែងនេះ ប៉ះកន្លែងនោះ ក្រសួងមិនចង់បានឡើយក្រសួងចង់បានផ្លូវ រឹងមាំ និងមានគុណភាព ៕ ដោយ៖ អេង ប៊ូឆេង

To Top