ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ចាត់ទុកនិស្សិត ដែលមានឱកាស សិក្សានៅជប៉ុន ជាធនធាន ដ៏មានសក្តានុពល សម្រាប់កម្ពុជា

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត បានចាត់ទុកនិស្សិត ដែលទទួលបាន អាហារូបករណ៍ ចេញទៅសិក្សានៅជប៉ុន គឺជាធនធានដ៏មានសក្តានុពល សម្រាប់កម្ពុជា ក្នុងការរួមចំណែករុញច្រាន សេដ្ឋកិច្ច និងសង្គម ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

នាឱកាសអញ្ជើញសំណេះសំណាល និងផ្តាំផ្ញើដល់បេក្ខភាពនិស្សិត ជ័យលាភី ដែលបានចូលរួមចំនួន ៤៨នាក់ ដែលនឹងទៅបន្តសិក្សា នៅប្រទេសជប៉ុន នាពេលខាងមុខ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់និស្សិត ជ័យលាភីទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទទួលយកនូវបទពិសោធន៍ ពីប្រទេសជប៉ុន ដែលឈានមុខគេរីកចម្រើន ខាងបច្ចេកវិទ្យា ដែលទាមទារនិស្សិតយើង ចាប់យកឲ្យបាន ដើម្បីមកអភិវឌ្ឍប្រទេសយើង ឲ្យកាន់តែជឿនលឿនបន្តទៀត។

លោកបានផ្តល់អនុសាសន៍ឲ្យប្អូនៗ ដែលទទួលបានអាហារូបករណ៍ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ អោយបាន១២០% ដោយ១០០% សិក្សានៅក្នុងថ្នាក់ និង២០%ទៀត សិក្សាស្វែងយល់បន្ថែមទៀត ពីបរិយាកាសនៅខាងក្រៅ ដោយត្រូវចេះបង្កើននូវទំនាក់ទំនង និងមិត្តភាពជាមួយបណ្តា និស្សិតដទៃទៀត និងឆ្លៀតឱកាស ធ្វើជាអគ្គរាជទូតរបស់កម្ពុជា ក្នុងការផ្សព្វផ្សាព្វ នូវវប្បធម៌ ក៍ដូចជាអារ្យធម៌ព្រមទាំងតំបន់ទេសចរ ដែលមានសក្តានុពល ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីលើកតម្កើងជាតិរបស់យើង ។
តំណាងនិស្សិត បានបង្ហាញនូវការប្តេជ្ញាចិត្តថា នឹងយកចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលទទួលបានពីប្រទេសជប៉ុន មកចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលកំពុងតែមានការអភិវឌ្ឍន៍ស្រាប់ ក្រោមមាគ៌ាដឹកនាំ និងម្លប់សន្តិភាព របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយប្រទេសពីបាតដៃទទេ រហូតស្មើមុខ ស្មើសិទ្ធិ ទាំងក្នុងតំបន់ និងក្នុងសាកលលោក ។

គួរបញ្ជាក់ផងដែរថា អាហារូបករណ៍កម្មវិធី JDS បានចាប់ផ្តើមផ្តល់ ដោយរដ្ឋាភិបាលជប៉ុន នៅឆ្នាំ២០០០ សរុប ៤១៦នាក់ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២នាក់ រៀងរាល់ឆ្នាំ។ ចំពោះនិស្សិតដែលកំពុងបន្តការ រស់នៅប្រទេសជប៉ុន មានចំនួន ៨៥៧នាក់ ក្នុងនោះអាហារូបករណ៍ របស់ក្រសួងអប់រំ (MEXT) បានចាប់ផ្តើមផ្តល់ដោយរដ្ឋាភិបាលជប៉ុន នៅឆ្នាំ១៩៩៣ សរុបជាង ១,១០០នាក់ មានចាប់ពីកម្រិតកម្មករជំនាញ រហូតដល់ថ្នាក់បណ្ឌិត ។

ចាប់ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ននិសិ្សតកម្ពុជា ដែលបានចេញទៅសិក្សានៅប្រទេសជប៉ុន មានចំនួនច្រើនពាន់នាក់ បើរាប់បញ្ចូលទាំងវគ្គខ្លីៗ មួយចំនួនផងនោះ។ រីឯនិស្សិត ដែលបានត្រឡប់មកក្នុងប្រទេសវិញ កំពុងបម្រើងការងារក្នុងស្ថាប័នស្រាវជ្រាវ ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដែលធនធានទាំងនេះ បានជួយអភិវឌ្ឍប្រទេស កសាងសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនឥតឈប់ឈរ ៕

To Top