ភ្នំពេញ៖ យោងតាមការប៉ាន់ស្មាន របស់ការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានឲ្យដឹងថា នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចតំបន់អាស៊ាន+៣ ត្រូវបានរំពឹងនឹងថយចុះ មកនៅត្រឹម០,២%។ នេះបើយោងគេហទំព័រហ្វេសប៊ុក របស់តាមធនាគារជាតិនៃកម្ពុជា។
ការប៉ាន់ស្មានខាងលើ ត្រូវបានឲ្យដឹង នៅក្នុងកិច្ចប្រជុំ ថ្នាក់ទេសាភិបាលរង ធនាគារកណ្តាល និងអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ អាស៊ាន+៣ តាមរយៈប្រព័ន្ធ Virtual ក្រោមការរៀបចំ របស់សហប្រធានជប៉ុននិងវៀតណាម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ។
កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពិភាក្សាលើ៖ -ការពង្រឹងសំណាញ់ សុវត្ថិភាពហិរញ្ញវត្ថុតំបន់ តាមរយៈការអភិវឌ្ឍអង្គភាព ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ាន+៣ (AMRO) និងការពង្រឹង កិច្ចព្រមព្រៀងពហុនីយកម្ម គំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM)
-ការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណ ជារូបិយវត្ថុរបស់ប្រទេសក្នុងតំបន់ និង
-កិច្ចសហការដទៃផ្សេងទៀតក្នុងតំបន់ ដូចជា គំនិតផ្តួចផ្តើមវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធជាដើម។
ហានិភ័យចម្បងៗ ចំពោះតំបន់រួមមាន៖
-ការកើនឡើង នៃការរីរាលដាលនៃជំងឺកូវីដ១៩ -ភាពអូសបន្លាយ នៃការធ្លាក់ចុះកំណើន សេដ្ឋកិច្ចពិភពលោក និង -ការកើនឡើងវិញ នៃភាពតានតឹង ផ្នែកពាណិជ្ជកម្ម។ល។
ស្ថិតក្នុងបរិការណ៍នេះ អង្គប្រជុំបានពិភាក្សា និងចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តគោលនយោបាយ ជំរុញការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ច ដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការរីករាលដាលជំងឺកូវីដ១៩។
អង្គប្រជុំក៏បានប្តេជ្ញា ពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈការបន្តពង្រឹង កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតំបន់ ជាពិសេសលើការពង្រឹងសំណាញ់ សុវត្ថិភាពហិរញ្ញវត្ថុតំបន់ ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ឱ្យកាន់តែសកម្មថែមទៀត និងការបង្កើនការតភ្ជាប់ទំនាក់ទំនង រវាងប្រទេសសមាជិក៕