ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរផ្ទៃក្នុង បានធ្វើដំណើរកម្សាន្ត តាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស មានចំនួនសរុប ៧៤០,០២៨នាក់ បើធៀបនឹងខែមិថុនា មានការកើនឡើង១៥.២% ក្នុងនោះភ្ញៀវជាតិមាន ចំនួន៧២៣,២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%។
តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០លោក ថោងខុនបានថ្លែងថា ជាការកត់សម្គាល់ ក្នុងខែកក្កដានេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង បានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរផ្ទៃក្នុងមុនកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាន នៃចលនាទេសចរណ៍ផ្ទៃក្នុង ខណៈដែលអាជីវកម្មទេសចរណ៍ កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញ ជាហូរហែ។
លោកបន្តថា ប៉ុន្តែចំនួនភ្ញៀវហាក់មានភាពថមថយ នៅសប្តាហ៍ចុងក្រោយ នៃខែកក្កដានេះ ដោយសារអាកាសធាតុ មានភ្លៀងធ្លាក់ខ្លាំង ស្ទើរទូទាំងប្រទេស ព្រមជាមួយពត៌មាននៃការផ្ទុះឡើងវិញ មួយចំនួននៃជំងឺកូវីដ១៩ នៅប្រទេសជិតខាង។
លោករដ្ឋមន្រ្តីអះអាងថា នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស មានការយកចិត្តទុកដាក់ ខិតខំជំរុញការអនុវត្ត នូវគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពសុវត្ថិភាព របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយមានការចុះណែនាំ និងតាមដានការអនុវត្តជាប្រចាំ ពីគណៈអភិបាលខេត្ត និងមន្ទីរជំនាញ ដោយមិនមានការអាក់ខានឡើយ៕ ដោយ៖ធី លីថូ