ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញ បើកកិច្ចប្រជុំគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កិច្ចប្រជុំនាពេលព្រឹកនេះ គឺកិច្ចប្រជុំ ប្រចាំឆមាសទី១ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ហើយកិច្ចប្រជុំនេះ ក៏ធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័ន អង្គភាពជាសមាជិក និងថ្នាក់ក្រោមជាតិ ដើម្បីប្រយុទ្ធប្រឆាំង អំពើជួញមនុស្ស ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០»។
សូមជម្រាបថា យោងតាមរបាយការណ៍សង្ខេប សម្រាប់កិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា សកម្មភាពលទ្ធផល និងភាពប្រឈម និងទិសដៅ ដែលគណៈកម្មាធិការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានប្រឹងប្រែងអនុវត្តកន្លងមក មានដូចខាងក្រោម៖
ទី១-ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់ក្រសួងស្ថាប័នរាជធានី-ខេត្ត បានបន្តសកម្មភាពរបស់ខ្លួន ទៅតាមទិសដៅគ្រោងទុក បើទោះបីជាបាន និងកំពុងតែប្រឈម នឹងសភាពការណ៍វិវត្តថ្មី ដែលមិនអាចប៉ាន់ស្មានបាន ពាក់ព័ន្ធនឹងស្ថានភាពប្រែប្រួល នៃសេដ្ឋកិច្ចពិភពលោក និងបន្ថែមដោយវិបត្តិ នៃការរាតត្បាត ដោយជំងឺកូវីដ-១៩។
ទី២-ចាប់ពីខែមីនា ឆ្នាំ២០២០ ក្រសួងស្ថាប័ន និងរាជធានី-ខេត្ត បានប្ដូរទិសដៅការងារ ផ្ដោតការយកចិត្តទុកដាក់បន្ថែម ទៅលើបញ្ហាវិបត្តិកូវីដ-១៩ ដែលជាភាពប្រឈមថ្មី និងដែលជះឥទ្ធិពល ដល់ការអនុវត្តសកម្មភាពគ្រប់វិស័យ ធ្វើឲ្យរាំងស្ទះដោយអន្លើ និងត្រូវបន្ថែមភារកិច្ច ក្នុងការដោះស្រាយ ទប់ស្កាត់ផលប៉ះពាល់ លើជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសអ្នក ដែលត្រឡប់ពីប្រទេសក្រៅ ដែលមានចំនួនច្រើនលើសលប់ និងភាគច្រើន ជាអ្នកដែលខ្វះលទ្ធភាព ក្នុងការទ្រទ្រង់ជីវភាព ហើយងាយរងគ្រោះ។
ទី៣-អាជ្ញាធរ សមត្ថកិច្ច និងលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ក្រោមជាតិ និងអង្គការដៃគូ បានធ្វើសកម្មភាពយ៉ាងមមាញឹក ប្រចាំការនៅតាមព្រំដែន ទទួលសង្គ្រោះពលករ ដែលវិលត្រឡប់តាមច្រក មិនផ្លូវការទាំងយប់ទាំងថ្ងៃ ពិនិត្យកម្ដៅ និងសុខភាព អនុវត្តគោលការណ៍ចត្តាឡីស័ក តាមវិធានសុខាភិបាល ផ្ដល់អាហារ ត្រៀមមធ្យោបាយដឹកជញ្ជូន ឲ្យបានដល់លំនៅដ្ឋាន។
និងទី៣-បន្តតាមដានស្ថានភាពសុខភាព ជីវភាព និងផ្ដល់សេវាតាមតម្រូវការផ្សេងៗ និងបន្តតាមដានស្ថានភាព នៅពេលធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍ ដែលពួកគាត់រស់នៅ៕ដោយ ៖ អេង ប៊ូឆេង