ភ្នំពេញ ៖ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យអគ្គនាយក ដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សហការជាមួយរដ្ឋបាលជលផល ទៅលើការងារចុះបញ្ជី នាវានេសាទ ដើម្បីលុបកាតក្រហម ចេញពីសហគមន៍អឺរ៉ុប (EU) ជាពិសេស លើការងារប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់។ នេះបើយោងតាម គេហទំព័ហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងកិច្ចប្រជុំការងារប្រចាំខែកក្កដា របស់អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នាពេលថ្មីៗនេះ លោក រស់ វណ្ណា បានថ្លែងថា «សូមស្នើឲ្យអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សហការជាមួយរដ្ឋបាលជលផល លើការងារចុះបញ្ជីនាវានេសាទ ដើម្បីលុបកាត ក្រហមចេញពី សហគមន៍អឺរ៉ុប (EU) លើការងារប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ ការនេសាទគ្មានរបាយការណ៍ និងការនេសាទគ្មានការអនុញ្ញាត (IUU)»។
លោកបន្ដថា អគ្គនាយកដ្ឋានដឹកជញ្ជូនត្រូវ សិក្សាស្រាវជ្រាវ អំពីស្ថិតិកំពង់ផែ និងចុះពិនិត្យទីតាំងកំពង់ផែ ទាំងនោះឲ្យ បានច្បាស់លាស់ រួមមាន សកម្មភាពអាជីវកម្ម ជាក់ស្តែងរបស់កំពង់ផែ ឋបនីយភណ្ឌផែ និងជម្រៅទឹក។ ជាពិសេស ត្រូវសហការជាមួយកំពង់ផែឯកជន ដើម្បីពង្រឹងការងារ លើការស្នើសុំលិខិត អនុញ្ញាតនាវាចូល នៅតាមកំពង់ផែ កម្ពុជា៕ ដោយ៖ អេង ប៊ូឆេង