ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សា រាជធានីភ្នំពេញ លើកទី១៥ អាណ្តិទី៣ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំ ឲ្យមន្ទីរជំនាញ ចុះត្រួតពិនិត្យ និងត្រូវលុបបំបាត់ កន្លែងលក់ហ្គាស អនាធិបតេយ្យឲ្យអស់ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយ ហានិភ័យគ្រោះថ្នាក់ របស់ប្រជាពលរដ្ឋ ជាយថាហេតុ ។
អភិបាលរាជធានីភ្នំពេញ បានជំរុញ ឲ្យមន្ទីរជំនាញពាក់ព័ន្ធ សហការគ្នាជាមួយ អាជ្ញាធរខណ្ឌទំាង ១៤ ដើម្បីចុះត្រួតពិនិត្យ កន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថាអាជីវកម្ម គ្មានផលរំខាន ឬបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ និងបរិស្ថាន។
លោក ឃួង ស្រេង បានមានប្រសាសសន៍ថា “បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានកន្លែងលក់ហ្គាស និងបញ្ជូលហ្គាសជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារ បច្ចេកទេស បើប្រាស់ធុងហ្គាសចាស់ៗ គ្មានគុណភាព ឬធុងស្តើង ដែលងាយបង្ក ហានិភ័យគ្រោះថ្នាក់ ទំាងអ្នកបញ្ជូល និងអ្នកប្រើប្រាស់” ។
អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់ក្រុមអាជីវករលក់ហ្គាសទំាងអស់ ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗ ពីប្រទេសដទៃ ហើយយកមកបាញ់ថ្នាំដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យ គ្រោះថ្នាក់ខ្ពស់ អាចបង្កអោយផ្ទុះធុងហ្គាស និងអគ្គិភ័យឆាបឆេះ ផ្ទះសម្បែងជាដើម។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហាហ្គាស ឬការលក់សំាងដប នៅតាមចិញ្ចើមផ្លូវ ឬផ្ទះលក់ដូរគ្រឿងទេស ជាបញ្ហាប្រឈម ផ្នែកសុវត្ថិភាព ដោយត្រូវ បង្កើនការយកចិត្តទុកដាក់ លុបបំបាត់ ឲ្យខាងតែបាន ខណៈដែលអគ្គីភ័យនានា ដែលកើតឡើងនៅរាជ ធានីភ្នំពេញកន្លងមកនេះ ភាគច្រើនបណ្តាលមកពី ការផ្ទុះធុងហ្គាស ដែលគ្មានបច្ចេកទេស៕ដោយ៖ ដារាត់







