ព័ត៌មានជាតិ

រដ្ឋបាលជលផល ៖ កម្ពុជាប្រើពេល៣ឆ្នាំ លើការងារចុះបញ្ជី នាវានេសាទ ទើបអាចលុប កាតក្រហមចេញពី EU

ភ្នំពេញ ៖ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានថ្លែងថា ការងារចុះបញ្ជីនាវានេសាទ តម្រូវឲ្យកម្ពុជា ប្រើប្រាស់រយៈពេល ២ឬ៣ឆ្នាំ ទើបលុបកាតក្រហម ចេញពីសហភាពអឺរ៉ុប (EU) លើការងារប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ ។

ក្នុងកិច្ចប្រជុំការងារ ប្រចាំខែកក្កដា របស់អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នាពេលថ្មីៗនេះ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សហការជាមួយរដ្ឋបាលជលផល លើការងារចុះបញ្ជីនាវានេសាទ ដើម្បីលុបកាត ក្រហមចេញពី សហគមន៍អឺរ៉ុប (EU) លើការងារប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ ការនេសាទគ្មានរបាយការណ៍ និងការនេសាទ គ្មានការអនុញ្ញាត (IUU) ។

ក្រោយបញ្ចប់សន្និសីទ សារព័ត៌មាន ស្ដីពី វិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ លោក អេង ជាសាន បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថា បញ្ហាខាងលើនេះ រដ្ឋបាលជលផល បានធ្វើកិច្ចការងារយ៉ាងច្រើន ដើម្បីធ្វើយ៉ាងណាឲ្យ ការនេសាទនៅកម្ពុជាស្របច្បាប់។

លោកមានប្រសាសន៍ថា «ខ្ញុំគិតថា នៅពេលអនុវត្តត្រូវការយ៉ាងតិច ២ទៅ ៣ឆ្នាំ ដើម្បីកាតក្រហមហ្នឹង ដោះចេញពី សហគមន៍អឺរ៉ុបបាន ។ សូម្បីតែវៀតណាម កាតលឿង តាំងពីឆ្នាំ២០១៧ ឥឡូវមិនទាន់ដកចេញទេ ហើយថៃ ប្រើប្រាស់រយៈពេល៥ឆ្នាំ បានដោះចេញបាន» ៕ ដោយ៖ អេង ប៊ូឆេង

To Top