ភ្នំពេញ ៖ នៅថ្ងៃ ដដែលនេះដែរ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ ទំនប់ដូនទ្រី មានទីតាំង ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុង បាត់ដំបង ហើយក៏ជាគម្រោង មួយក្រោមហិរញ្ញប្បទាន សម្បទានរបស់សាធារណរដ្ឋកូរ៉េ ផងដែរ ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣ ។
គិតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ២៦ % លើទំហំការងារសរុបរបស់គម្រោង ។ បន្ទាប់ពីការសាងសង់ ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចផ្គត់ផ្គង់ទឹកសម្រាប់ ការស្រោចស្រពលើផ្ទៃដី ស្រូវវស្សាបាន ចំនួន ៣៣. 0០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.៥០០ ហិកតា ។
បណ្តាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលបាន និងកំពុងអនុវត្ត រួមមាន ៖
១- ទំនប់មេ ជាប្រភេទទំនប់ស្នូលដី ថ្មបំពេញ Earth Core Rockfill Dam (ECRD) ខ្នងលើទទឹង ០៨ ម៉ែត្រ កម្ពស់ខ្ពស់បំផុតប្រមាណ ៤៧ ម៉ែត្រ និងមានប្រវែងសរុប ៦៥៤ ម៉ែត្រ ។
២- សំនង់បង្ហៀរ (Spillways) ធ្វើពីបេតុង ស្ថិតនៅខាងឆ្វេងទំនប់មេ មានប្រវែងសរុប ៤១៤ ម៉ែត្រ ។ ទំនប់បង្ហៀរនេះអាចដោះទឹកបាន ៨៥០ ម៉ែត្រគីប/វិនាទី
៣- រូងទូនេលពង្វៀងទឹក (Diversion Tunnel) រូង មានរាងជាក្រចកជើងសេះ, អង្កត់ផ្ចិត ០៤ ម៉ែត្រ, មានប្រវែងសរុប ៤៦២ ម៉ែត្រ ។
៤- សំណង់គ្រប់គ្រងទឹក (Intake Facilities) ជាប្រភេទសំណង់ប៉ម មានទ្វារទឹកច្រើនថ្នាក់ (Multistage Intake Gate) ដែលមានទ្វារទឹកចំនួន ០៥ (២,២ ម៉ែត្រ x ២,២ ម៉ែត្រ, ៤ ទ្វារ និង ៤ ម៉ែត្រ x ៤ ម៉ែត្រ, ១ ទ្វារ) ។
៥- ទំនប់បណ្តោះអាសន្នខាងលើ (U/S Coffer Dam) មានកម្ពស់ ២០ ម៉ែត្រ, ខ្នងលើទទឹង ០៥ ម៉ែត្រ, ប្រវែង ៥៣៦ ម៉ែត្រ ។
៦- ទំនប់បណ្តោះអាសន្នខាងក្រោម (D/S Coffer Dam) មានកម្ពស់ ១០ ម៉ែត្រ, ខ្នងលើទទឹងទំនប់ ០៥ ម៉ែត្រ, ប្រវែង ១៥០ ម៉ែត្រ ។
៧- ផ្លូវក្រាលថ្មភ្នំ ប្រវែង ៥,២ គីឡូម៉ែត ទទឹង ០៧ ម៉ែត្រ ជាមួយសំណង់ដោះទឹកចំនួន ០៨ កន្លែង ។
ក្នុងឱកាសអញ្ជើញពិនិត្យគម្រោងនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី គឺជាប្រព័ន្ធធារាសាស្រ្តថ្មីមួយ ជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ដែលសំណង់នេះ ជាប្រភេទទំនប់ធំ ដែលការសាងសង់ តម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តថ្មី មិនដែលអនុវត្តន៏នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះ និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម ។ គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បង្កើនផលិតផលកសិកម្មទាំងនៅរដូវវស្សា និងនៅរដូវប្រាំង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកផងដែរ ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ។ លើសពីនេះ ទំនប់ដូនទ្រី ក៏នឹងមានលទ្ធភាពផ្គត់ផ្គង់មួយផ្នែកនូវទឹកសម្រាប់ការស្រោចស្រពទៅឲ្យគម្រោងនៅផ្នែកខាងក្រោម ដូចជា អនុគម្រោងពោធិកាណាល់ និងអនុគម្រោងរាមគុណ តាមរយៈស្ទឹងដូនទ្រី ។
នេះគឺជាសមិទ្ធផលទី ២ នៅក្នុងខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ដែលបានកើតឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើក ស្ទួយដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈវិស័យទឹកនៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់ប្រទេសកូរ៉េ ដែលជានិច្ចកាលតែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យ និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារគម្រោង អភិវឌ្ឍន៍ទំនប់សាលាតាអន និងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានបង្កលក្ខណៈឲ្យគម្រោងនេះ ជាមួយនឹងលទ្ធផលការងារ ដែលសម្រេចបានទៅតាមផែនការ ដែលបានគ្រោងទុក ហើយក៏សូមអរគុណសន្តិភាព មានសន្តិភាព ទើបយើងមានអ្វី ៗនៅថ្ងៃនេះ ។ ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានផ្តាំផ្ញើក្រុមការងារទាំងអស់ ត្រូវចេះថែរក្សាសុខភាព និងសូមប្រកាន់ ខ្ជាប់នូវអនាម័យ តាមវិធាន និងសេចក្ដីប្រកាសនានា របស់ក្រសួងសុខាភិបាល ចំពោះការឆ្លងរីករាលដាលនៃជម្ងឺកូវីត-១៩ ៕