ព័ត៌មានជាតិ

រាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវរោងភាពយន្ត ក្នុងរាជធានីភ្នំពេញ តែត្រូវគោរពតាមវិធានសុវត្ថិភាព

ភ្នំពេញ៖ ដើម្បីជួយសម្រាល ការលំបាកផ្នែកសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែង របស់សិល្បករ ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយ វិស័យសិល្បៈវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យបើកដំណើរការឡើងវិញ នូវរោងភាពយន្ត និងរោងសម្តែងសិល្បៈ ដោយតម្រូវឱ្យ គោរពតាមគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) និងវិធានសុវត្ថិភាពមួយចំនួន របស់ក្រសួងសុខាភិបាល និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

យោងតាម សេចក្ដីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា លក្ខខណ្ឌតម្រូវ សុវត្ថិភាពមួយចំនួននោះរួមមាន៖ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដែលមានបំណងបើកដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញ ត្រូវ
ដាក់ពាក្យស្នើសុំ និងចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បី ធានាការអនុវត្ត នូវគោលការណ៍ស្តង់ដារ ប្រតិបត្តិឱ្យបានត្រឹមត្រូវ។

ការអនុញ្ញាត ឱ្យបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ បន្ទាប់ពីរោងភាពយន្ត ឬរោងសម្តែងសិល្បៈទាំងនោះ បានត្រៀមរៀបចំខ្លួនរួចរាល់ និងប្តេជ្ញាចិត្ត ក្នុងការអនុវត្ត តាមលក្ខខណ្ឌតម្រូវ សុវត្ថិភាព ដូចមានចែង ក្នុងគោលការណ៍ស្តង់ដារ ប្រតិបត្តិការពារ ការចម្លងវីរុសកូវីដ-១៩។

ការបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងចូលរួមសហការពេញលេញ ជាមួយក្រុមការងារចម្រុះ របស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ដែលមានភារកិច្ចចុះត្រួតពិនិត្យ តាមដានការអនុវត្ត គោលការណ៍ស្តង់ដាប្រតិបត្តិ និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល។

ក្រសួងបញ្ជាក់ថា ប្រសិនបើផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដែលមានបំណង បើកដំណើរការរោង ភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ ត្រូវមកដាក់ពាក្យស្នើសុំ នៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេច ផ្អាកសកម្មភាពចាក់បញ្ចាំងភាពយន្ត និងសកម្មភាពសម្តែងសិល្បៈនានា ជាបណ្ដោះអាសន្ន ដើម្បីការពារការីករាលដាលកូវីដ១៩ ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០៕ដោយ៖ធី លីថូ

To Top