ព័ត៌មានជាតិ

លោក គង់ គាំ៖ អ្នកនយោបាយជ្រុលនិយម រារាំងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន

ភ្នំពេញ៖ អ្នកនយោបាយជើងចាស់ ចេញមកពីអតីតបក្សប្រឆាំងលោក គង់ គាំ បានហៅក្រុមអ្នក នយោបាយជ្រុលនិយមថា ពួកគេបានចេញមករារាំង កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន ដែលនេះគឺអ្វីៗដើម្បីជើងឯក ខាងការបំផ្លាញប៉ុណ្ណោះ។

លោក គង់ គាំ បានបង្ហាញក្នុងហ្វេសប៊ុកនាថ្ងៃ៧ សីហា ថា “ខ្ញុំអរគុណអ្នកអាណិតខ្ញុំ គង់ គាំ ដែលមានគេ ប្រមាថ ប៉ុន្តែសូមរួមគ្នាអាណិត ស្រលាញ់ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាដែលមេដឹកនាំ និងក្រុមអ្នក នយោបាយជ្រុលនិយមបាន និងកំពុងធ្វើឲ្យអន្តរាយ ឲ្យអន្តរជាតិដាក់សម្ពាធឲ្យEUដកEBA រារាំងកិច្ចព្រមព្រៀង FTA កម្ពុជា-ចិន។ល។ គឺធ្វើអ្វីៗដើម្បីជាជើងឯកខាងការបំផ្លាញ”។

លោកថា ខ្លួនមិនបានបង្អាប់ បន្ទាបវិរៈបុរសណាទេ តែសូមអ្នកគោរពលើកតំកើង វិរៈបុរសទាំងអស់នោះ កុំធ្វើឲ្យតម្លៃរបស់វិរៈបុរស ខូចខាតដោយសារពួកខ្លួនឲ្យសោះ។

អ្នកវិភាគសេដ្ឋកិច្ច និងកម្មកររោងចក្រកាត់ដេរ សំលៀកបំពាក់និយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាគ្រោងចុះហត្ថលេខា ជាមួយ ប្រទេសចិន ក្នុងខែសីហាខាងមុខ ប្រៀបបីដូចជាការចាក់អង្ករ ដើម្បីយកអង្កាម ។ នេះបើតាមការចេញផ្សាយ របស់វិទ្យុអាស៊ីសេរីនាពេលថ្មីៗ។

សូមបញ្ជាក់ថា ពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំជាង ៧ពាន់លានដុល្លារ កាលពីឆ្នាំ២០១៩ ។ ក្នុងនោះកម្ពុជា នាំទៅចិនប្រមាណជាជិត ៩រយលានដុល្លារ ខណៈចិននាំមកកម្ពុជា ជាង៦ពាន់លានដុល្លារ ៕

To Top