ព័ត៌មានជាតិ

សម្តេចតេជោ ផ្ញើសារជូន អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ចូលរួមរំលែកមរណទុក្ខ របស់ លោក ឡេ ខាភៀវ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានផ្ញើសារជូន លោក ង្វៀង ហ៊្វូជុង អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ដើម្បីចូលរួមរំលែករមណទុក្ខរបស់ លោក ឡេ ខាភៀវ (Le Kha Phieu) អតីតអគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាព នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

ក្នុងសាររំលែករមណទុក្ខ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំមានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបានទទួលដំណឹងថា ឯកឧត្តម ឡេ ខាភៀវ អតីតអគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម បានទទួលអណិច្ចកម្ម កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

មរណភាពរបស់ ឯកឧត្តម ឡេ ខាភៀវ គឺជាការបាត់បង់ដ៏ធំធេងនូវមេដឹកនាំដ៏វាងវៃមួយរូប ដែលបានធ្វើពលិកម្មពេញមួយជីវិត ក្នុងការតស៊ូដើម្បីឯករាជ្យរបស់វៀតណាម ព្រមទាំង សន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនវៀតណាម។ ឯកឧត្តមក៏ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា ផងដែរ ដោយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត មិនត្រឹមតែរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយ និស្តវៀតណាមប៉ុណ្ណោះទេ តែរវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរផងដែរ។”

សម្តេចតេជោ បានបន្យទៀតថា “ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខអស់ពីដួងចិត្តចំពោះឯកឧត្តម និងតាមរយៈឯកឧត្តមជូនចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសាររបស់ឯកឧត្តម ឡេខាភៀវ ក្នុងគ្រាដ៏សោកសៅនេះ”៕

To Top