កោះកុង៖ លោក ដុំ យុហៀន តំណាងរាស្រ្តមណ្ឌលកោះកុង និងមានការអមដំណើរដោយ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត និងក្រុមការងារនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានបានចុះសួរសុខទុក្ខ សំណេះសំណាល និងពាំនាំគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥៥គ្រួសារ និងធ្វើសំណេះសំណាល សួរសុខទុក្ខដល់មន្ត្រីរាជការ ស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
ក្នុងឱកាសនោះលោក ដុំ យុហៀនតំណាងរាស្រ មណ្ឌលកោះកុង បានថ្លែងឲ្យដឹងថា ដោយជំងឺឆ្លងកូវិដ១៩ មិនបានបាត់បង់ពីពិភពលោក រួមទាំងគ្រោះមហន្តរាយ ធម្មជាតិបាតុភូតផ្គរ រន្ទះ ព្យុះភ្លៀងខ្យល់កន្ត្រាក់ ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ របស់បងប្អូនជាពិសេស អ្នករស់នៅតាមកោះតែម្តង តែទោះបីយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់មូលដ្ឋាន និងកាកបាទក្រហមកម្ពុជា មិនប្រងើយកន្តើយឡើយ ព្រោះនេះជាកាតព្វកិច្ចតួនាទី របស់អាជ្ញាធរដើម្បីជួយសម្រួល ដល់ជីវភាពរស់របស់បងប្អូន ដែលជួបបញ្ហានៅឧប្បហេតុ អ្វីមួយដែលកើតឡើង។
លោកតំណាងរាស្រ្ត បានថ្លែងបន្តថា ទោះបីបងប្អូនជួបបញ្ហាណាក៏ដោយ ក៏ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមការងារសាខាកាកបាទកម្ពុជា ចុះជួយដោះស្រាយបងប្អូនជានិច្ច ដោយមិនថានៅទីជិតឬឆ្ងាយយប់ថ្ងៃ ព្យុះភ្លៀងឡើយ ឲ្យតែក្រុមការងារទទួលបានព័ត៌មាន ក្រុមការងារចុះដល់ទីតាំងនោះភ្លាមៗ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរឬនិន្នាការនយោបាយ បក្សណាមួយឡើយ ហើយក៏មិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។
លោកតំណាងរាស្រ្តបានថ្លែងថា លោកអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ ហើយបងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាពឱ្យបានល្អ ដើម្បីការពារជំងឺឆ្លងកូវិដ១៩ និងការពារជំងឺឆ្លងផ្សេងៗទៀត ដូច្នេះយើងត្រូវធ្វើអនាម័យ ថែរក្សាបរិស្ថានជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ និងតាមការផ្សព្វផ្សាយអបរំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប់ជានិច្ច។
សម្ភារៈនិងគ្រឿងឧបភោគបរិភោគមាន៖ អង្ករ២៥គក្រ មីម៉ាម៉ា១កេះ គ្រឿងឧបភោគបរិភោគក្រម៉ា១ និងថវិកាមួយចំនួន។ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តបានផ្តល់ ថវិកាជូនមន្ត្រីមូលដ្ឋានមាន៖ អធិការដ្ឋាននគរបាលស្រុកចំនួន ១០០ដុល្លា បញ្ជាការដ្ឋានអាវុធហត្ថស្រុកចំនួន ១០០ដុល្លា បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សិករងស្រុកចំនួន ១០០ដុល្លា ប៉ុស្តិ៍រដ្ឋបាលចំនួន ១០០ដុល្លា មណ្ឌលសុខភាពចំនួន ១០០ដុល្លា សាលាកោះស្តេចចំនួន ១០០ដុល្លា សាលាឃុំភ្ញីមាសចំនួន ១០០ដុល្លា ៕