បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ The Washington Post បានចុះផ្សាយនៅ ថ្ងៃចន្ទ ទី១០ ខែសីហានេះថា ប្រទេសលីបង់បានធ្លាក់ចូល ទៅក្នុងវិបត្តិនយោបាយកាន់តែជ្រៅ ក្រោយពីឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកសារធាតុគីមី អាម៉ូនីញ៉ូម នីត្រាត (Ammonium Nitrate) ទម្ងន់ជាង២៧៥០តោនកាល ពីថ្ងៃអង្គារសប្តាហ៍មុន នៅទីក្រុងកំពង់ផែបេរូត ។
វិបត្តិនយោបាយកាន់តែជ្រៅ បានបង្ហាញអោយឃើញច្បាស់ កាលពីថ្ងៃសៅរ៍ ទី៨ ខែសីហានេះ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងសមាជិកសភាចំនួន៤នាក់ផ្សេងទៀត បានប្រកាសលាលែង ចេញពីតំណែង ដែលជាការបង្ហាញអោយឃើញច្បាស់ពីការបែកបាក់ ផ្ទៃក្នុងដ៏ជ្រាលជ្រៅក្នុងជួររដ្ឋាភិបាល ។
មន្ត្រីរដ្ឋាភិបាលលីបង់ទាំង៦នាក់នោះ បាននិយាយប្រហាក់ប្រហែលគ្នាថា មូលហេតុដែលពួកគេលាលែងចេញពីតំណែង គឺដោយសារពួកគេមិនអាចបំពេញ ភារកិច្ចបម្រើជាតិ និងប្រជាជនបាន ដោយក្នុងជួររដ្ឋាភិបាលមានអំពើពុករលួយ និងបែងចែកបក្សពួកជាច្រើនក្រុម មិនចុះសម្រុងគ្នាការដឹកនាំរដ្ឋាភិបាល និងបម្រើប្រជាជន ។
កាលពីមុន ប្រទេសលីបង់ធ្លាប់ជាប្រទេសរីកចម្រើន និងត្រូវគេចាត់ទុកជាកូនប្រទេសស៊្វីសមួយនៅតំបន់មជ្ឈិមបូព៌ា ដោយមានប្រព័ន្ធធនាគារដ៏រឹងមាំ និងល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៦០ ហើយនៅសម័យនោះ ប្រជាជនលីបង់ពីបរទេសបានត្រលប់ចូលទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ និងបោះទុនវិនិយោគច្រើនលើវិស័យធនាគារ ។
រាល់អ្នកជំនួញមកពីប្រទេសលោកខាងលិច ដែលចង់ទៅធ្វើជំនួញនៅតំបន់ដើមបូព៌ា តែងតែឆ្លងកាត់លីបង់ជានិច្ច រហូតដល់ពេលលីបង់ត្រូវធ្លាក់ខ្លួនក្នុងសង្រ្គាមស៊ីវិលអស់១៥ឆ្នាំ ដែលមានការលូកដៃពីបរទេស ហើយនិយាយឲ្យចំគឺកងទ័ពស៊ីរីតែម្តង ។
អស់ពីសង្រ្គាមស៊ីវិល ដែលបានសម្លាប់ប្រជាជនស៊ីវិលជាង ២សែននាក់ លីបង់ត្រូវរងគ្រោះមួយសាទៀត ដោយសារការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ដែលក្រៅតែពីសង្រ្គាមស៊ីវិល ដែលទាញប្រទេសឲ្យសឹងធ្លាក់ដល់កម្រិតសូន្យ ដែលលីបង់ត្រូវរងគ្រោះមិនអាចងើបស្តារខ្លួនបានឡើងវិញ ដោយសារតែអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ។
តើលីបង់នឹងអាចបោះជំហានទៅមុខបានយ៉ាងម៉េច បើសិនក្រុមបរទេសចេះតែលូកដៃក្នុងកិច្ចការផ្ទៃក្នុងលីបង់ ដើម្បីផលប្រយោជន៍របស់គេរៀងៗខ្លួននោះ។ ការច្រណែន ឈ្នានិសគ្នារវាងក្រុមបក្សពួកនយោបាយ និងអំពើពុករលួយ ស៊ីរូងផ្ទៃក្នុង ក្នុងចំណោមមន្រ្តីរដ្ឋាភិបាលបានធ្វើឲ្យលីបង់ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ រហូតត្រូវជំពាក់បំណុលគេវណ្ឌក ស្មើនឹង១៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងប្រជាជនលីបង់ ១ភាគ៣ រស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ ។
ដោយសារតែមើលឃើញពីការលំបាករបស់ប្រទេសលីបង់នេះហើយ បានជាប្រធានាធិបតីរបស់ប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macrong) បានបើកសន្និសីទមួយ តាមVideo conference កាលពីថ្ងៃអាទិត្យ ទី៩ ខែសីហានេះ ដើម្បីប្រមែប្រមូលជំនួយពីអន្តរជាតិ យកទៅជួយប្រទេសលីបង់ដែលកំពុងរងគ្រោះ ។
នៅក្នុងសុន្ទរកថាបើកសម្ពោធសន្និសីទ ដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំរបស់បណ្តាប្រទសអារ៉ាប់ និងអឺរ៉ុប ចំនួន១៥នាក់ផ្សេងទៀត លោកប្រធានាធិបតីបារាំង ម៉ាក្រុង បានអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពលឿន និងមានប្រសិទ្ធិភាពដើម្បីផ្តល់ជំនួយផ្ទាល់ ដល់ប្រជាជនលីបង់ ។
រឿងមួយទៀតដែលបានកើនឡើងកាលពីចុងសប្តាហ៍មុននេះដែរ ប្រជាជនលីបង់រាប់ម៉ឺននាក់ បានធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលបច្ចុប្បន្នចុះចេញពីតំណែង ហើយបើតាមអង្គការកាកបាទក្រហមអន្តរជាតិ មនុស្សជាង ២០០នាក់ រងរបួសនៅក្នុងការប៉ះទង្គិចដ៏ហិង្សា ជាមួយកម្លាំងប៉ូលិស និងទាហានលីបង់ ។
នៅក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល ក្រៅតែពីមានការប្រមូលផ្តុំនៅទីលានដើម្បីវីរជន នៅកណ្តាលទីក្រុងបេរូតបាតុករជាង ២០០នាក់ ដែលដឹកនាំដោយអតីតមន្រ្តីទាហានចូលនិវត្តន៍លីបង់ បានព្យាយាមសម្រុកចូលកាន់កាប់ ក្រសួងការបរទេស ក្រសួងសេដ្ឋកិច្ច និងក្រសួងថាមពល ដែលតំណាងឲ្យការគ្រប់គ្រងមិនត្រឹមត្រូវរបស់រដ្ឋាភិបាល ។
តាមកងទ័ពលីបង់ ក្រុមបាតុករបានចូលកាន់កាប់ ក្រសួងរបស់រដ្ឋាភិបាលបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងត្រូវប៉ូលិស ទាហានចាប់បណ្តេញចេញដោយមានការប៉ះទង្គិចគ្នាដ៏ហិង្សា រវាងបាតុករ និងប៉ូលិសលីបង់ ដែលបានធ្វើឲ្យមនុស្សរងរបួសជាង២០០នាក់ និងប៉ូលិសម្នាក់ស្លាប់ ៕ អ៊ី ជិន