ព័ត៌មានជាតិ

ក្រុមនគរបាលនារី ចោទស្នងការខេត្តកំពង់ធំបៀតបៀនកេរ្តិ៍ខ្មាស់ និងស្នើសម្ដេច ស ខេង ជួយរកយុត្តិធម៌

ភ្នំពេញ ៖ នគរបាលជានារីជាច្រើនរូប បានស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃជួយរកយុត្តិធម៌ជូនពួកគេ ក្រោយពួកគេចោទ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានបៀតបៀន កេរ្តិ៍ខ្មាស់ពួកខ្លួន។

យោងតាមលិខិតគោរពជូនសម្ដេចក្រឡាហោម ស ខេង របស់តំណាងនគបាលនារីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា «នាងខ្ញុំជាមន្ដ្រី នគរបាលនារី នៃស្នងការដ្ឋានខេត្តកំពង់ធំ (ជនរងគ្រោះ) សូមគោរពរាយការណ៍ និង សូមសម្ដេចក្រឡាហោម ស ខេង មេត្តាជួយរកយុត្តិធម៌ឲ្យនាងខ្ញុំជាជនរងគ្រោះ ដោយសារប្រព្រឹត្តអំពើ ពុំគប្បីមកលើនាងខ្ញុំ ជាស្ដ្រីមានភាពទន់ខ្សោយពីសំណាក់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែល ជាស្នងការនគរបាលខេត្តកំពង់ធំ»។

ក្នុងលិខិតដដែលរៀបរាប់ថា “នៅអំឡុងឆ្នាំ២០១៨-២០១៩ ពួកនាងខ្ញុំមួយចំនួនត្រូវបានលោក ឧត្តម សេនីយ៍ទោ អ៊ុក កុសល ហៅពួកនាងខ្ញុំឲ្យទៅជួបគាត់នៅក្នុងបន្ទប់ធ្វើការរបស់គាត់ ដើម្បីសួរនាំកិច្ចការងារមួយចំនួន ។ ដោយយល់ឃើញថា គាត់ជាថ្នាក់ដឹកនាំ ពួកនាងខ្ញុំក៏បានទៅជួបគាត់ម្នាក់ម្ដងៗ តាមការណាត់របស់គាត់។ ពេលចូលដល់ក្នុងបន្ទប់តែពីរ នាក់ លោកស្នងការក៏សួរនាំថា ពាក់ស័ក្ដិ៍ប៉ុន្មាន? ហើយ មុខតំណែងជាអ្វីសព្វថ្ងៃ? ហើយចង់បានមុខតំណែង ឬឡើងស័ក្តិ៍អត់? បើចង់បានចាំបងជួយ ព្រោះបង ជាស្នងការ និងជាប្រធានអង្គភាព ចង់ធ្វើអ្វីក៏បានដែរ ឲ្យតែអូនព្រមស្រលាញ់បង ។ ម្យ៉ាងទៀត បើអូនព្រមស្រលាញ់បង កុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបងគ្មានមេជីវិតបង្កកំណើតទេ។ ពេលលឺ ពាក្យសំដីទាំងអស់នេះ នាងខ្ញុំហួសចិត្តមិននឹកស្មានថា គាត់ហ៊ាននិយាយពាក្យសំដីបែបនេះ មកលើនាងខ្ញុំជា កូនចៅ” ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចសុំការបំភ្លឺ ពីស្នងខេត្តកំពង់ធំបាននៅឡើយទេ៕

To Top