ភ្នំពេញ ៖ លោកស្រី កុយ ពិសី អនុប្រធានកិច្ចការព្រំដែន បានបង្ហាញពីប្រវត្តិរបស់ខ្លួនថា ជាកូនខ្មែរសុទ្ធសាធ ក្រោយបុគ្គលប្រឆាំង មួយចំនួនចោទប្រកាន់ថា ជាកូនយួន។
“កន្លងមក និងថ្មីៗនេះ មានក្រុមអមនុស្សទុច្ចរិតបានយករូបខ្ញុំ និងថ្នាក់ដឹកនាំទៅ edit និងលេបខាយពាក្យសំដីអត់សីលធម៍ទៅតាមអ្វីដែលគេចង់បាន ធ្វើឲ្យបងប្អូនមួយចំនួនមាន មន្ទិលសង្ស័យ និងយល់ខុសមកលើខ្ញុំថា ខ្ញុំជាយួន កូនយួន បម្រើមហិច្ចតាយួន។ល។” នេះជាប្រសាសន៍លោកស្រី កុយ ពិសី ក្នុងហ្វេសប៊ុក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
លោកស្រីបានហៅមនុស្សទាំងនោះថា ជាពពួកអមនុស្សទុច្ចរិក។
លោកស្រីបានរៀបរាប់ពីជីវៈប្រវត្តិថា ខ្លួនជាខ្មែរ (មិនមែនយួនទេ) ជាពូជអ្នកបម្រើជាតិ (មន្រ្តីរាជការ) រហូតមកគ្រប់សម័យកាល។ លោកស្រីកើតនៅសង្កាត់ លេខ៣ ក្រុងភ្នំពេញ។ ម្តាយជា professor បង្រៀនភាសាបារាំង បង្រៀននៅប្រសូត្រ ខេត្តស្វាយរៀង នៅសម័យសង្គមរាស្រ្តនិយម។ ឪពុកក៏ជាសាស្រ្តាចារ្យ ម្នាក់ដែរ។ គាត់ត្រូវបានស្លាប់នៅក្នុងរបបខ្មែរក្រហម។
លោកស្រីថា ជំនាន់ខ្មែរក្រហមខ្លួនរស់នៅខេត្តបាត់ដំបង។ ក្រោយឆ្នាំ១ ៩៧៩ ម្តាយលោកស្រីបម្រើការនៅក្រសួងអប់រំ ក្រោយមកធ្វើការជាមួយនឹងអង្គការ Unicef ជួយកុមារតូចៗ ធ្លាប់ជាប្រធានអង្គការ ស្រ្តីខ្មែរ និងធ្លាប់ជាសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) អស់រយៈពេល១០ ឆ្នាំ។
ចំណែកលោកស្រីវិញ ធ្លាប់បម្រើការងារជាមួយអង្គការក្រៅរដ្ឋាភិបាល មុនចូលបម្រើការងារលើវិស័យព្រំដែន។
លោកស្រី កុយ ពិសីបញ្ជាក់ថា “ដូច្នេះសូមពពួកអមនុស្សទុច្ចរិត គួរបញ្ចប់ការផ្សាយព័ត៌មានញុះញង់ទាំងនោះ និងសូមរក្សានូវភាពថ្លៃថ្នូរបស់ខ្លួន និងសង្គមជាតិ”៕