ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញប្រកាសចូលកាន់តំណែង សមាជិកគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសចូល កាន់មុខតំណែងអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពាក់ឋានន្តរ ស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)។

យោងតាមឯកសារជំនួយស្មារតី នៅក្នុងពិធីប្រកាសចូល កាន់មុខតំណែងអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានឲ្យដឹងថា បច្ចុប្បន្នពន្ធនាគារទាំង២៨ នៅទូទាំងប្រទេសផ្ទុកអ្នកជាប់ឃុំ គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សរុបចំនួន ៣៩.៣១៦នាក់ ស្ដ្រី២.៥៧១នាក់ ក្នុងនោះ មានជនបរទេសចំនួន ១.៨៧៣នាក់ ស្ដ្រី២៤៨នាក់ អនីតិជន ១.៦៨២នាក់ ស្ដ្រី៧២នាក់។

ក្នុងចំណោមជនជាប់ឃុំ សរុបត្រូវបានបែងចែក ជាប្រភេទជនជាប់ឃុំ ដូចជា៖ ជនត្រូវចោទ ៨.៩០០នាក់ ក្នុងនោះ ៥៦៧នាក់ ជនបរទេស ៥៨៩នាក់ អនីតិជន៤៥៥នាក់។ ជនជាប់ចោទ ៤.៦៤៩នាក់ ក្នុងនោះស្ដ្រី២៥៩នាក់ ជនបរទេស៣០៩នាក់ អនីតិជន៣៤៨នាក់។ ពិរុទ្ធជន ១៤.៨១៧នាក់ ក្នុងនោះស្ដ្រី១.០០៦នាក់ ជនបរទេស ៦៨៣នាក់ អនីតិជន៧៣៥នាក់។ទណ្ឌិត១០.៩៥០នាក់ ក្នុងនោះស្ដ្រី៧៣០នាក់ ជនបរទេស២៩៣នាក់ អនីតិជន២០៧នាក់។

ប្រភពដដែល បញ្ជាក់ថា បទល្មើសភាគច្រើនគឺគ្រឿងញៀនស្មើនឹង ៥៨,៨៧% បទល្មើសលួចមានទម្ងន់ទោស ៩,៥៤% បទល្មើសលួច ៧,២៧% រំលោភសេពសន្ថវៈ ៥,៨៧% បទល្មើសឃាតកម្ម៥,៣៥% និងបទល្មើសផ្សេងៗ ១៣,១០%៕

To Top