ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ៖ ការពង្រឹងរបៀបរបបការងារ និងសមត្ថភាពរបស់មន្ត្រី គឺចាំបាច់បំផុតក្នុងការអនុវត្តការងារ ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ទើបតែត្រូវបានបង្កើតឡើង ហើយការពង្រឹងរបៀបរបបការងារ និងការកសាងសមត្ថភាពរបស់មន្ត្រី នៃគណៈកម្មាធិការនេះ គឺមានលក្ខណៈចាំបាច់ និងមានសារៈសំខាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយទំនួលខុសត្រូវ និងមានប្រសិទ្ធភាព។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពាក់ឋាន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួង សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កន្លងមក មានចេញព្រះរាជក្រឹត្យកំណត់អំពីតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់គណៈកម្មាការជាតិ ប្រឆាំងទារុណកម្ម ហេតុដូចនេះ សមាជិក និងមន្ត្រីម្នាក់ៗ នៃគណៈកម្មការនេះ ត្រូវតែស្វែងយល់អំពីតួនាទី ភារកិច្ច និងការរៀបចំរចនាសម្ព័ន្ធ នៅក្នុងគណៈកម្មាធិការនេះ ឲ្យបានច្បាស់លាស់។ គណៈកម្មាធិការត្រូវយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពោលគឺបំពេញការងារដោយឯករាជ្យ ដោយគ្មានការហាមឃាត់ គំរាមកំហែងពីស្ថាប័នណាមួយ ឬរាជរដ្ឋាភិបាលឡើយ»។

ជាងនេះទៀតសម្ដេច បានសង្កត់ធ្ងន់ថា ការពង្រឹងរបៀបរបបការងារ និងសាមគ្គីភាពពិតជាមានសារៈសំខាន់ និងចាំបាច់ដោយការងារ ត្រូវធ្វើតាមឋានានុក្រម មានការរាយការណ៍សុំយោបល់ ពីថ្នាក់ដឹកនាំដែលធ្វើការផ្ទាល់ ជាមួយនឹងការងារតាមផ្នែកនីមួយៗ ជាពិសេសគឺមិនរំលោភលើតួនាទី ភារកិច្ច អំណាចនៃការទទួលខុសត្រូវ។

សម្ដេចក៏បានបន្ថែមថា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីត្រូវគោរព ស្ដាប់យោបល់ ផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក និងត្រូវមានសមូហភាព ក្នុងការធ្វើការងារជាក្រុម ក្នុងគោលបំណងជៀសវៀងនូវបញ្ហា និងកំហុសឆ្គងផ្សេងៗ។

ទន្ទឹមនឹងនេះ សម្ដេចបានមានប្រសាសន៍ថា «ការកសាង និងរៀបចំសមត្ថភាពមន្ត្រី គឺចាំបាច់ត្រូវមានលក្ខណៈចម្រុះ ដោយបញ្ចូលទាំងអ្នកមាន សមត្ថភាពដែលបានសិក្សានូវមុខវិជ្ជានានា អ្នកមិនទាន់មានបទពិសោធន៍ និងអ្នកមានបទពិសោធន៍ ការងារក្នុងកម្រិតផ្សេងៗគ្នា ដើម្បីធ្វើយ៉ាងណាឲ្យចូលរួម អនុវត្តការងារដោយវិជ្ជាជីវៈ និងទទួលបានលទ្ធផលល្អ»។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា គណៈ កម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាស្ថាប័នឯករាជ្យ ក្នុងការវាយតម្លៃ និងត្រួតពិនិត្យទៅលើរឿង ទារុណកម្ម ដោយមិនស្ថិតក្រោមការបញ្ជា របស់រាជរដ្ឋាភិបាលឡើយ៕

ដោយ៖ អេង ប៊ូឆេង

To Top