ភ្នំពេញ ៖ ជាការឆ្លើយតបនឹងការផ្ទុះឡើង នៃជំងឺ គ្រុនឈីក(Chikungunya) អង្គភាពស្រាវជ្រាវវេជ្ជសាស្រ្ត នៃកងទ័ពជើងទឹក សហរដ្ឋអាមេរិក ដែលគេហៅថា NAMRU-2 បាន នឹងកំពុងធ្វើការជាមួយកម្ពុជា ដើម្បីគ្រប់គ្រងការផ្ទុះជំងឺ នេះ។ នេះបើតាមការចុះផ្សាយ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
អង្គភាព NAMRU-2 កាលពីពេលថ្មីៗ បានចុះទៅខេត្តបន្ទាយមានជ័យ ជាមួយមន្រ្តីសុខាភិបាលកម្ពុជា ដើម្បីធ្វើការសង្កេតតាមដានលើមូស និងជួយប្រជាជន ក្នុងមូលដ្ឋាន ក្នុងការការពារកុំឲ្យមានការរាលដាល នៃជំងឺ នេះ។
ទូតអាមេរិកបន្តថា អង្គភាព NAMRU-2 នឹងបន្តធ្វើការជាមួយ មជ្ឈមណ្ឌលជាតិកម្ពុជាប្រយុទ្ធ នឹង ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ និងធ្វើការជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីជួយដល់ការខិតខំ របស់ពួកគេ ក្នុងការគ្រប់គ្រងនូវការផ្ទុះ នៃជំងឺនេះ ។
បើតាមទូតអាមេរិកដដែល គឺគ្មានការព្យាបាលឬ វ៉ាក់សាំងសម្រាប់ជំងឺ Chikungunya ទេដែល បណ្តាលឲ្យឈឺសន្លាក់។ ការការពារផ្តោតលើការ កាត់បន្ថយការកកើតសត្វមូស និងមូសខាំ ដោយប្រើថ្នាំ DEET និង Pacardin ។
សូមបញ្ជាក់ថា ជំងឺគ្រុនឈីកដែលបង្កដោយមូសខាំ ត្រូវបានគេរកឃើញ នៅខេត្តចំនួន ១៥ នៅទូទាំងកម្ពុជា ហើយបានកើតលើមនុស្ស ចំនួនជាង ១៧០០ នាក់៕



