ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនអ្នក ឧញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលទទួលមរណភាពកាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យទក្ខិណានុប្បទានគឺរៀបចំធ្វើឡើង នៅគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅវេលាម៉ោង ២និហ៣០នាទីរសៀល មានការជួបជុំញាតិមិត្តបងប្អូន និងក្រុមគ្រួសារបស់សម្តេចទាំងទ្វេ បន្ទាប់មកមានពិធ៏ថ្វាយគ្រឿងសក្ការៈបូជាព្រះពុទ្ធរូប នមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តសម្តេចព្រះរាជគណៈចំនួន ១២អង្គចម្រើនព្រះបរិត្ត និងនិមន្តសម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា ប្រទានព្រះសទ្ធម្មវិសេសទេសនា។
នៅព្រឹកថ្ងៃទី១២ ខែសីហា វេលាម៉ោង ៨និង៣០ ព្រឹកស្អែកនេះ នឹងមានពិធីថ្វាយគ្រឿងសក្ការៈបូជាព្រះពុទ្ធរូប នមស្សការព្រះរតនត្រ័យសមាទានសីល បន្ទាប់មកសម្តេចព្រះរាជាគណៈចំនួន ១២អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម និងប្រគេនសម្តេចព្រះរាជាគណៈ មន្ត្រីសង្ឃចំនួន ៩៦អង្គ ពហូទេវាឆ្លង បត្តិទានគាថា។ បន្ទាប់ពីនោះនឹងមានការយាង និងនិមន្តសម្តេចព្រះរាជាគណៈ មន្ត្រីសង្ឃចំនួន ៩៦អង្គ បិណ្ឌ បាត្រ ជាកិច្ចបង្ហើយបុណ្យ៕









