ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី ផ្កាយ១ លោមស្នេហ៍ម្ចាស់ហាង មិនបានយកកាំភ្លើង ភ្ជង់ផ្អើលអស់គេឯង

ភ្នំពេញ : លោកឧត្តមសេនីយ៍ត្រី ចូលក្នុងហាងអង្គុយផឹកស៊ី មិនបានប៉ុន្មានផង ធ្វើឲ្យមនុស្សម្នាជាច្រើន មានការភ័យខ្លាចក្រោយ ឧត្តមសេនីយ៍រូបនេះ បានដកកាំភ្លើងភ្ជង់ នារីស្រស់សោភា ជាម្ចាស់ហាង ក្រោយលោមស្នេហ៍នាងមិនបាន ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ជនបង្កត្រូវបានគេស្គាល់ថា ជាឧត្តមសេនីយ៍ត្រី ( ផ្កាយ១ ) បានជិះរថយន្តម៉ាក LEXUS RX 400h ពណ៌ស្ករ ស្លាកលេខនគរបាល 2-7119 ១គ្រឿង បានចូលទៅហាងផឹកស៊ី ដែលមានយីហោ “វិមានព្រិល” ស្រាប់តែផ្ទុះហឹង្សា ជាមួយម្ចាស់ហាងក៏ដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក់មួយដើមគំរាមបាញ់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលម្នាក់ៗ រត់ចែកជើងគ្នា ។

ក្រោយពេលសមត្ថកិច្ច ចុះទៅដល់កន្លែងភ្លាម ជនបង្កបានឡើងរថយន្តបើកគេចចេញ ពីកន្លែងកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលខណ្ឌចម្ការមន ធ្វើការដេញតាមរហូត ដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្តនោះបាន ក៏នាំខ្លួនមកកាន់អធិការដ្ឋាន ខណ្ឌចំការមនវិញ ។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនបង្កបានហៅម្ចាស់ហាង វិមានព្រិល មកអង្គុយជិត មួយសន្ទុះស្រាប់តែមានទំនាស់ជាមួយគ្នា សង្ស័យធ្វើរឿងមិនគប្បី លោមស្នេហ៍ម្ចាស់ហាងមិនបាន ទើបដកកាំភ្លើងគំរាមបែបនេះ ។

សមត្ថកិច្ចខណ្ឌចំការមន បានឲ្យដឹងថាថាជនបង្កឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយត្រី (ផ្កាយ១) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ក្រោយពេលឃាត់ខ្លួនជនបង្កខាងលើ សមត្ថកិច្ចបាននាំមកកាន់អធិការដ្ឋានខណ្ឌចម្ការមន ដើម្បីធ្វើការសាកសួរបន្ថែម រួមទាំងម្ចាស់ហាងខាងលើ ដើម្បីដឹងពីមូលហេតុពិតប្រាកដ ៕

To Top