ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានធ្វើការណែនាំសម្រាប់សមាជិក និងអ្នកបញ្ជាទិញស្ដីពី ការដកផ្នែកខ្លះនៃ ប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែ គ្រឿងសព្វាវុធ (EBA) សម្រាប់ការនាំចេញទៅសហភាពអឺរ៉ុប (EU)។
យោងតាមសេចក្ដីណែនាំរបស់ GMAC នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្ដី សម្រេចរបស់សហភាពអឺរ៉ុប ស្ដីពីការដកផ្នែកខ្លះនៃ ប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែ គ្រឿងសព្វាវុធ (EBA) សម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មួយចំនួនពីប្រទេសកម្ពុជា នឹងចូលជាធរមានចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
សមាគមរោងចក្រកាត់ដេរកម្ពុជា បានរៀបចំការណែនាំនេះ សម្រាប់អត្ថប្រយោជន៍សមាជិក និងអ្នកបញ្ជាទិញអន្តរជាតិ ដែលនឹងទទួលរងផលប៉ះពាល់ ពីសេចក្ដីសម្រេចនេះ។ ការណែនាំនេះ ត្រូវបានរៀបចំឡើងដើម្បី ផ្តល់ភាពច្បាស់លាស់ អំពីខ្សែបន្ទាត់ពន្ធលើផលិតផល ដែលបាត់បង់អត្ថប្រយោជន៍ EBA និងខ្សែបន្ទាត់ពន្ធលើផលិតផល ដែលបន្តទទួលបានអត្ថប្រយោជន៍ ពីការមិនយកពន្ធ និងមិនមានកូតាសម្រាប់ការនាំចូល ទៅទីផ្សារសហភាពអឺរ៉ុប។
សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានដកអត្ថប្រយោជន៍ សម្រាប់បន្ទាត់ពន្ធសរុបចំនួន ៤០(ខ្សែបន្ទាត់ពន្ធលើស្ករចំនួន១ខ្សែ បន្ទាត់ពន្ធលើផលិតផលធ្វើដំណើរចំនួន ៥ខ្សែ បន្ទាត់ពន្ធលើផលិតផល សម្លៀកបំពាក់ចំនួន២៥ និងខ្សែបន្ទាត់ពន្ធលើ ផលិតផលស្បែកជើងចំនួន៩) នៅកម្រិត៤ និង៦ខ្ទង់ ដែលចូលជាធរមានចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ ខ្សែបន្ទាត់ពន្ធទាំង៤០នេះ មាននៅក្នុងតារាង១។
សមាគមរោងចក្រកាត់ដេរកម្ពុជា បានបន្ថែមថា សម្រាប់ខ្សែបន្ទាត់ពន្ធនៅសល់ ដទៃទៀតនៅកម្រិត៦ខ្ទង់ នៅតែទទួលបានអត្ថប្រយោជន៍រួចពន្ធ និងគ្មានកូតា ក្រោមកម្មវិធី EBA ដដែល សម្រាប់ការនាំចេញពីកម្ពុជា។ ខ្សែបន្ទាត់ទាំងនោះមាននៅក្នុងតារាង២ ៕
ដោយ៖ អេង ប៊ូឆេង