ព័ត៌មានជាតិ

EU កាត់ EBA ២០% ជាផ្លូវការ ខណៈកម្ពុជារក្សាជំហរ មិនលុតជង្គង់សុំទាន អ្នកណាជាដាច់ខាត

ភ្នំពេញ៖ គណៈកម្មការសហគមន៍អឺរ៉ុប (EU) បាន សម្រេចជាផ្លូវការហើយចំពោះការកាត់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែអាវុធ (EBA)នៅ រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដដែលឥតកែប្រែ គឺត្រូវការពាររដ្ឋធម្មនុញ្ញ ដោយមិនយកអធិបតេយ្យភាព និងឯករាជ្យកម្ពុជា ទៅដោះដូរជាមួយជំនួយ ឬប្រព័ន្ធអនុគ្រោះពន្ធណាមួយឡើយ ជាពិសេសកម្ពុជា មិនលត់ជង្គង់សុំទានគេជាដាច់ខាត ។

នៅរសៀលថ្ងៃទី១២ សីហា នេះ ម៉ោងនៅកម្ពុជាEU បានចេញសេចក្តីថ្លែងការណ៍ចំនួន២ទំព័រស្តីពីការកាត់២០%។ សេចក្តីថ្លែងការណ៍លើកឡើងថា “ការកាត់នេះដោយសារតែ ព្រួយបារម្ភពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងមានភាពផុយស្រួយ ផ្នែកប្រជាធិបតេយ្យជាដើម”។

សម្រាប់ការកាត់ពន្ធនេះ ក្រសួងសេដ្ឋកិច្ចក៏បាន ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាជាង១ពាន់លានដុល្លារផងដែរ។

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានសម្រេចដក EBA លើមុខទំនិញនាំចេញ របស់កម្ពុជាប្រមាណ ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ហើយទំនិញ ៨០%ទៀត ត្រូវបានរួចពន្ធដដែល ។ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះទៅ បន្ទាប់ពីសេចក្តីសម្រេចនេះ ចូលជាធរមាន កម្ពុជានឹងត្រូវបង់ពន្ធ ២០% លើមុខទំនិញដែល នាំចូលទៅទីផ្សារអឺរ៉ុប ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ការប្រែប្រួលអាកាស ធាតុ និងផលប៉ះពាល់ មកលើកម្ពុជា នៅថ្ងៃទី១២ សីហា លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ចំពោះជំហររាជរដ្ឋាភិបាលបានស្ដែងរួចស្រេចហើយ គឺប្ដូរផ្ដាច់ការពាររដ្ឋធម្មនុញ្ញ ដែលចែងពីអធិបតេយ្យ និងឯករាជ្យកម្ពុជា ។

លោកបញ្ជាក់ថា «យើងមិនអាចលុតជង្គត់ ដើម្បីសុំទានគេ ក្នុងការធ្វើឲ្យយើងបោះបង់ចោលនូវអធិបតេយ្យភាព ឬឯករាជ្យភាពទេ ព្រោះអធិបតេយ្យភាពនិងនិងរាជ្យភាព យើងខំប្រឹងយូរណាស់ ហើយយើងចំណាយជីវិតមនុស្សច្រើនណាស់ ដែលបាន រហូតមកដល់ពេលនេះ ។ ដូច្នេះ ជំហរដដែល ហើយ មិនមែនបានសេចក្ដីថា រាជរដ្ឋាភិបាល មិនយកចិត្តទុក ដាក់អំពីផលប៉ះពាល់ដែលកើតឡើងពី ២០% ពី EBA នោះទេ»។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈ រួចជាស្រេចហើយ ដូចជា ការសន្សំថវិកា ការប្រើ ប្រាស់ថវិកាទៅជាការបណ្ដាក់ទុនសាធារណៈ ។

លោកបន្តថា កម្ពុជាមានមោទកភាពខ្លាំង លើអធិបតេយ្យភាព និងឯករាជ្យភាព ។ លោកថា កម្ពុជា មិនអាចបោះបង់អធិបតីភាព ឬឯករាជ្យភាពបានឡើយ។ លោកគូសបញ្ជាក់ថា «សូមជម្រាបជូនភ្នាក់ងារបរទេសដែលជាសញ្ជាតិខ្មែរហ្នឹង សូមមេត្តាយល់ឲ្យច្បាស់ថា កម្ពុជា ឈរលើផលប្រយោជន៍របស់ខ្មែរ»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេស មិនមែនជាការបោះអង្ករចោល យកអង្កាមទេ ។ លោកថា “ការកាត់ EBA ២០% ដូចអត់បាត់អញ្ចឹង ដោយសារការនាំចេញផលិតផល ពីកម្ពុជាចូលទៅអឺរ៉ុប នៅតែមាន” ។

លោកសង្កត់ធ្ងន់ថា ការចង់ឲ្យក្រុមឧទ្ទាម ក្រៅច្បាប់រស់ឡើងវិញ មិនអាចយកឯករាជ្យ អធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយ EBA ទេ ។ រោងចក្រផ្អាកការផលិត និងបិទមួយចំនួន ដោយសារកូវីដ១៩ មិនមែនដោយសារ EBA ទេ ។

ដោយឡែកសមាគមរោងចក្រ កាត់ដេរនៅកម្ពុជា (GMAC) ក៏បានបានរៀបចំការណែនាំ សម្រាប់អត្ថប្រយោជន៍សមាជិក និងអ្នកបញ្ជាទិញអន្តរជាតិ ដែលនឹងទទួលរងផលប៉ះពាល់ពីសេចក្តីសម្រេចនេះ ។ ការណែនាំនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ភាពច្បាស់លាស់អំពីខ្សែ បន្ទាត់ពន្ធលើផលិតផល ដែល បាត់បង់អត្ថប្រយោជន៍ EBA និងខ្សែបន្ទាត់ពន្ធលើផលិតផលដែលបន្តទទួលបាន អត្ថប្រយោជន៍ពីការមិន យកពន្ធ និងមិនមានកូតាសម្រាប់ការនាំចូលទៅទីផ្សារអឺរ៉ុប ។

សេចក្តីសម្រេចរបស់ គណៈកម្មការកាលពីថ្ងៃទី១១ ខែកុម្ភៈ បានដកអត្ថប្រយោជន៍ សម្រាប់បន្ទាត់ពន្ធសរុបចំនួន៤០ (ខ្សែបន្ទាត់ពន្ធលើស្ករចំនួន១ ខ្សែបន្ទាត់ពន្ធលើ ផលិតផលធ្វើដំណើរចំនួន៥ ខ្សែបន្ទាត់ពន្ធលើផលិតផល សម្លៀកបំពាក់ចំនួន២៥ និងខ្សែបន្ទាត់ពន្ធលើ ផលិតផលស្បែកជើងចំនួន៩)នៅកម្រិត៤និង៦ខ្ទង់ ដែលចូលជា ធរមានចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០។ ខ្សែបន្ទាត់ពន្ធទាំង៤០ នេះមាននៅក្នុងតារាង១។

GMAC បន្ថែមថា សម្រាប់ខ្សែបន្ទាត់ពន្ធនៅសល់ដទៃទៀតនៅកម្រិត៦ខ្ទង់ នៅតែទទួលបានអត្ថ ប្រយោជន៍រួចពន្ធនិងគ្មានកូតា ក្រោមកម្មវិធី EBA ដដែលសម្រាប់ការនាំចេញពីកម្ពុជា។ ខ្សែបន្ទាត់ ទាំងនោះមាននៅក្នុងតារាង២ ៕

ដោយ៖ ខា ដា

To Top