ព័ត៌មានជាតិ

ខែកក្កដា កម្ពុជានាំចេញអង្ករ ទៅក្រៅប្រទេស ជិត៣ម៉ឺនតោន

ភ្នំពេញ ៖ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេស ចំនួន២៨៤១៣តោន កើនឡើងចំនួន១៩៣៨តោន ច្រើនជាងបរិមាណនាំចេញ ក្នុងខែកក្កដា ឆ្នាំ២០១៩ ចំនួន២៦៤៧៥តោន។

យោងតាមរបាយការណ៍ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនាពេលថ្មីៗនេះឲ្យដឹងបន្ត ថា «បរិមាណនាំចេញអង្ករបាន ចំនួន២៨៤១៣តោន កើនឡើងចំនួន១៩៣៨តោន ច្រើនជាងបរិមាណនាំ ចេញក្នុងខែកក្កដា ឆ្នាំ២០១៩ ចំនួន២៦៤៧៥តោន។សរុបរយៈពេល៧ខែនាំចេញអង្ករបាន ចំនួន៤២ ៦ ០៧៣តោន និងនាំចេញទៅកាន់ទិសដៅ ចំនួន៥៧ប្រទេស ក្នុងនោះ ប្រទេសចិនលំដាប់ទី១»។

របាយការណ៍ដដែល បញ្ជាក់ថា នៅក្នុងខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សាធ្វើការ ដាំដុះបាន ចំនួន២ ២៨១ ៩២១ហិចតា ស្មើនឹង៨៨,១៧% នៃផែនការ ចំនួន២ ៥៨៨ ១៣០ហិចតា។

បន្ថែមពីនេះ របាយការណ៍ក្រសួងកសិកម្ម លើកឡើងថា បរិមាណនាំចេញចេញ ផ្លែចេកស្រស់ប្រចាំថ្ងៃ បានចំនួន៦២៦,៧៨តោន សរុបរយៈពេល៧ខែ ចំនួន១៦៦ ៤២៥,៩៥តោន ទៅកាន់ប្រទេសចិន វៀតណាម និងប្រទេសជប៉ុន ។ ចំណែក ផ្លែស្វាយសរុបរយៈពេល៧ខែ ចំនួន៤៦ ៣៤០,៥៦តោន ទៅកាន់ប្រទេសថៃ វៀតណាម បារាំង រុស្ស៊ី កូរ៉េ និងហុងកុង។ហើយគ្រាប់ពោតប្រចាំថ្ងៃ ចំនួន៦ ២៥០ តោន សរុបរយៈពេល៧ខែចំនួន១៤៤ ៧២១,៤៤តោន ទៅកាន់ប្រទេសថៃ កូរ៉េ និងតៃវ៉ាន់។

ជាងនេះទៅទៀត ការនាំចេញកៅស៊ូ មានបរិមាណបញ្ចេញលក់សម្រេចបាន ចំនួន២៥ ៩៥៣តោន កើនឡើងចំនួន៥២៧តោន ស្មើនឹង២% ធៀបខែមុន និងកើនឡើង៤ ៣៧០តោន ស្មើនឹង២០% ធៀបខែកក្កដា ឆ្នាំ២០១៩។

ចំណែក តម្លៃលក់កៅស៊ូមធ្យម ក្នុងខែកក្កដា គឺ១ ២៧៥ដុល្លារ ក្នុង១តោន កើនឡើង ចំនួន៨៤ដុល្លារ ក្នុង១តោន ស្មើនឹង៧,០២%ធៀបខែមុន និងថយចុះ ចំនួន១២១ដុល្លារ ក្នុង១តោន ស្មើនឹង៦,៦៨% ធៀបខែកក្កដា ឆ្នាំ២០១៩។ហើយតម្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារចម្ការក្នុងខែកក្កដា គឺទឹកជ័រ (DRC 100%) មានការប្រែប្រួលពី ៤ ០៥០ រៀល ក្នុង១គីឡូក្រាម ដល់៤ ៥០០រៀល ក្នុង១គីឡូក្រាម និងជ័រកក (DRC50%) មានការប្រែប្រួលពី ១ ៨៥០រៀល ក្នុង១គីឡូក្រាម ដល់២ ២៧៥រៀល ក្នុង១គីឡូក្រាម៕

ដោយ ៖ អេង ប៊ូឆេង

To Top