ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នេះបានចុះបង្រ្កាបនិងឃាត់ខ្លួនជនជាតិចិន ប្រមាណជិត៣០នាក់ ពាក់ព័ន្ធករណីចាប់ជម្រិតទារប្រាក់ជនជាតិចិនដូចគ្នា នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើយោងតាមគេហទំព័ហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមានការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង ២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំ ដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាប ជនជាតិចិនមួយក្រុម ដោយឃាត់ខ្លួនជនជាតិចិន ចំនួន២៩នាក់ (ស្រី០៣នាក់)។
ប្រតិបត្តិការមួយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន ថាក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណី ចាប់ជម្រិតយកប្រាក់លើជនជាតិចិនដូចគ្នា ដោយក្នុងនោះសមត្ថកិច្ចរំដោះ បានជនរងគ្រោះចំនួន ៣ នាក់ បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំជនសង្ស័យកសាងសំណុំរឿង តាមនិតិវិធី៕







