ព័ត៌មានជាតិ

អាជ្ញាធរក្រុងស្វាយរៀង នឹងចាត់វិធានការតាមច្បាប់ ចំពោះអាជីវករ រំលោភយកផ្លូវសាធារណៈ

ស្វាយរៀង ៖ លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង បានឲ្យដឹងថា អាជ្ញាធរក្រុងស្វាយរៀង ចាត់វិធានការតាមច្បាប់ គ្មានការលើកលែងជាដាច់ខាត ចំពោះអាជីវកររូបណា ដែល នៅតែបន្តសង់រំលោភយកផ្លូវ និងយកផ្លូវសាធារណៈ មកធ្វើជាកន្លែងលក់ដូរ ដែលនាំឱ្យ បាត់បង់សោភ័ណភាពទីក្រុង ហើយធ្វើការរឹបអូសយកសម្ភារ និងទំនិញផ្សេងៗ ចេញពីទីតាំងដែលបានកំណត់ យកមករក្សាទុក មិនទទួលខុសត្រូវ រាល់ការខូចខាតឡើយ។

ការប្រកាសប្រើវិធានការច្បាប់បែបនេះ របស់លោក សរ សុដានី បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។ លោកបានឱ្យដឹងថា រដ្ឋបាលក្រុងបានជូនដំណឹង ក៏ដូចជាអំពាវនាវ ដល់អាជីវករលក់ដូរ នៅផ្សាវាលយន្ត ក្រុងស្វាយរៀង ឱ្យចូលរួមអនុវត្តតាមសេចក្ដីណែនាំ របស់រដ្ឋបាលសាលាក្រុង ដើម្បីឱ្យមានរបៀបរៀបរយ និងសោភ័ណភាពផ្សារ និងក្រុងស្វាយរៀងទាំងអស់គ្នានោះ។

លោក សរ សុដានី បានបន្ថែមថា ដើម្បីសោភ័ណភាពក្រុងស្វាយរៀង ឱ្យមានរបៀបរៀបរយល្អនោះ អាជ្ញាធរក្រុងតែងតែ ចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់ ជាពិសេសផ្លូវជុំវិញផ្សារវាលយន្ត ដែលអាជីវករមួយចំនួន បានរំលោភយកចិញ្ចើមផ្លូវ ធ្វើជាកន្លែងលក់ ដែលបង្កឲ្យកកស្ទះចរាចរណ៍។

លោកបានបន្ថែមថា រយៈកាលកន្លងមកក៏បានឱ្យអាជីវករ ដែលសង់សំយាបលយចូលចំណីផ្លូវ គឺក្រុមការងារបានកាត់ចេញ និងប្រាប់លែងឱ្យសង់រំលោភយកផ្លូវតទៅទៀត ចំណែកអាជីវករលក់លើចិញ្ចើមផ្លូវ គឺបានឱ្យពួកគាត់បង្ខិតឱ្យផុតពីផ្លូវពោលលក់ចូលក្នុងផ្សារវិញ មិនឱ្យមានការលក់ លើចិញ្ចើមផ្លូវទៀតទេ។

លោកបានបញ្ជាក់ថា «អាជ្ញាធរខំប្រឹងរៀបចំសណ្តាប់ធ្នាប់នេះ គឺដើម្បីប្រជាពលរដ្ឋទូទៅ មិនមែនដើម្បីបុគ្គលណាម្នាក់ទេ ដើម្បីសោភ័ណភាព ដើម្បីភាពងាយស្រួល ឱ្យប្រជាពលរដ្ឋទូទៅអាចធ្វើដំណើរ ងាយស្រួលទិញទំនិញ ដែលតាំងលក់នៅក្នុងផ្សារ ចុះហេតុអីប៉ុណ្ណឹងអាជីវកតធ្វើមិនបាន? ក្នុងនាមរដ្ឋបាលក្រុង គឺចង់ឃើញបងប្អូន ភ្ញាក់រឭកដោយខ្លួនឯង ធ្វើដោយសុចចិត្ត ទើបជាគំរូល្អបំផុត»៕

To Top