ព័ត៌មានជាតិ

ក្រុមហ៊ុន Huawei ចុះ MOU ជាមួយមជ្ឈមណ្ឌល អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈ (CLPD) និងសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP)

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅបរិវេណ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌី បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈ (CLPD) ។

លោក សុវណ្ណ យ៉ាវ (Yuya Yao) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) បានមានប្រសាសន៍រំលឹកឲ្យដឹងថា៖ “ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ច នៅក្នុងប្រទេសកម្ពុជា អស់រយៈពេល ២១ឆ្នាំមកហើយ និងតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍ “នៅកម្ពុជាដើម្បីកម្ពុជា”។ ជានិច្ចកាល យើងបានប្តេជ្ញាចិត្ត ក្នុងការនាំយកនូវសេវាកម្មផ្នែកឌីជីថល ដើម្បីបម្រើជូនដល់គ្រប់ស្ថាប័ន គ្រប់គេហដ្ឋាន ក៏ដូចជាបុគ្គលគ្រប់ៗរូបផងដែរ ដើម្បីកសាងទំនាក់ទំនងដ៏ពេញលេញ កម្ពុជាដ៏ឆ្លាតវៃ។

ក្រុមហ៊ុន Huawei មានសេចក្តីសោមនស្សរីករាយ ក្នុងការចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP ) និងមជ្ឈមណ្ឌល អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈ (CLPD ) ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យឌីជីថល នៅកម្ពុជានាពេលអនាគត។

លើសពីនេះទៅទៀត ក្រុមហ៊ុន Huawei ប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការបណ្តុះបណ្តាលទេពកោសល្យ ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT talents ក្នុងស្រុកជាអាទិភាព ក៏ដូចជាតែងតែគាំទ្រដល់និស្សិតកម្ពុជា ដើម្បីឱ្យពួកគេត្រៀមខ្លួនរួចជាស្រេច សម្រាប់ការឈានចូលមកដល់ នៃយុគសម័យឌីជីថល នាពេលខាងមុខនេះ”។

លោកបានបន្ថែមទៀតថា៖ “ក្រុមហ៊ុន Huawei កំពុងបន្តផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាល រយៈពេលវែង ដល់ទេពកោសល្យវ័យក្មេងជាច្រើននាក់។ ជាក់ស្តែង ទោះស្ថិតនៅក្នុងអំឡុងពេល នៃជំងឺកូវីដ១៩ក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្ត ផ្តល់ឱកាសការងារ ដល់បុគ្គលិកថ្មីៗចំនួន ២១រូប ដែលបម្រើការងារ នៅផ្នែកហិរញ្ញវត្ថុ ផ្នែកដំណោះស្រាយ បច្ចេកវិទ្យាព័ត៌មានវិទ្យា ICT និងផ្នែកទំនាក់ទំនងសាធារណៈ ជាដើម ដែលពួកគេសុទ្ធសឹងតែជានិសិ្សត ទើបបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យនានា”។

លោកបណ្ឌិត Dan Kulmala សាកលវិទ្យាធិការង ទទួលបន្ទុកផ្នែកសិក្សាធិការ និងកិច្ចការនិស្សិត នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានមានប្រសាសន៍ថា៖ “AUPP និង CLPD ពិតជាមានកិត្តិយស ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាឌីជីថល និងរួមចំណែកផ្តួចផ្តើមគំនិត ដើម្បីជួយជំរុញ ដល់ការផ្លាស់ប្តូរផ្នែកឌីជីថល ក៏ដូចជាដើម្បីធ្វើយ៉ាងណា ត្រៀមរៀបចំកម្លាំងរួចជាស្រេច សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅប្រទេសកម្ពុជា។”

កិច្ចព្រមព្រៀងនេះ នឹងផ្តល់នូវឱកាសផ្សេងៗ ជាច្រើនរួមមាន៖ អាហារូបករណ៍ ការចុះកម្មសិក្សា និងសកម្មភាពសហការគ្នា ផ្នែកបច្ចេកវិទ្យាផ្សេងៗទៀត ដែលផ្តល់អត្ថប្រយោជន៍ ដល់និស្សិតនៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញផងដែរ៕

To Top