ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ធ្វើកំណែទម្រង់ស៊ីជម្រៅ គ្រប់ស្ថាប័នដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ការងាររបស់មន្រ្តីរាជការ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានរៀប ចំកំណែទម្រង់ស៊ីជម្រៅ គ្រប់ស្ថាប័នរដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញស័ក្តិសិទ្ធភាព នៃការអនុវត្តការងាររបស់មន្ដ្រីរាជការ។

ក្នុងពិធីសម្ពោធផ្លាកឈ្មោះថ្មី របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរៀប ចំកំណែទម្រង់ស៊ីជម្រៅ គ្រប់ស្ថាប័នរដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញស័ក្តិសិទ្ធភាព នៃការអនុវត្តការងាររបស់មន្ដ្រីរាជការ ក្នុងនោះ មានការកែសម្រួលតួនាទីនៅច្រកព្រំដែន របស់អតីតអគ្គនាយកដ្ឋានកាំកុងត្រូល តាមរយៈអនុក្រឹត្យស្ដីពី ការកែសម្រួលស្ថាប័នមាន សមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា»។

ដើម្បីគាំទ្រកិច្ចការកំណែទម្រង់នេះ ក្រសួងពាណិជ្ជកម្ម បានធ្វើការពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីកែសម្រួលនូវរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អង្គភាពមួយចំនួន ក្រោមឱវាទក្រសួងពាណិជ្ជកម្ម ដែលក្នុងនោះ មានអគ្គនាយកដ្ឋាន ក.ប.ប ផងដែរ។ជាក់ស្ដែង យោងតាមសំណើររបស់ ក្រសួងពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ៖

ទី១-កែសម្រួលរចនាសម្ព័ន្ធ តួនាទីនិងភារកិច្ច និងបានប្ដូរឈ្មោះ អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យ ទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការកន្លែងបន្លំ «កាំកុងត្រូល» មកជា អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា «ក.ប.ប» តាមរយៈអនុក្រឹត្យ ស្ដីពី ការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម។

និងទី២-កែម្រួល ឯកសណ្ឋាន សញ្ញាសម្គាល់ សញ្ញាស័ក្តិ និងជាពិសេស រូបសញ្ញា នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

យោងតាមរបាយការណ៍ បូកសរុបសកម្មភាពការងារ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំឆមាសទី១ ឆ្នាំ ២០២០ និងទិសដៅការងារ សម្រាប់អនុវត្តបន្ត បានឲ្យដឹងថា កិច្ចសហការត្រួតពិនិត្យ ទំនិញតាមច្រកព្រំដែន បាននាំយករថយន្តពិសោធន៍ ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមលើផលិតផលបន្លែ ផ្លែឈើនាំចូល តាមការស្នើសុំរបស់ មន្រ្តីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅតាមច្រកទ្វាព្រំដែនបានចំនួន ៥ លើក ដោយបានរកឃើញ សំណល់ថ្នាំកសិកម្មលើបន្លែ ផ្លែឈើចំនួន ១១មុខ។

របាយការណ៍បន្ដថា តាមការស្រាវជ្រាវហេតុការណ៍ ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ បានចាត់មន្រ្តីចុះស្រាវជ្រាវករណីពុលស្រា ដែលបានកើតឡើង នៅខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យ ប្រជាពលរដ្ឋចំនួន ៧នាក់បាត់បង់ជីវិត ក្រោយពីបានផឹកស្រាថ្នាំរួច ដោយបានប្រមូលស្រាថ្នាំតាំងគួយ ពីតាម បណ្តាផ្សារក្នុងស្រុក ក្រុងចំនួន៤ រួមមាន ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកថ្មពួក និងស្រុកម៉ាឡៃ បានចំនួន ២៧,៧៥១ដប មករក្សាទុកនៅសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការវិភាគលើសំណាក គំរូស្រាថ្នាំតាំងគួយ ចំនួន ២២៥គំរូ និងបានរកឃើញសំណាកគំរូចំនួន ២២ មានសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ (១៤%) ៕

To Top