ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភា ជឿជាក់ថា ក្រុមនិស្សិត ដែលទទួលបាន អាហារូបករណ៍ ពីប្រទេសជប៉ុន នឹងក្លាយជាធនធានមនុស្ស ដ៏មានសក្តានុពល សម្រាប់កម្ពុជា

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិត អាហារូបករណ៍អភិវឌ្ឍ ធនធានមនុស្ស របស់ប្រទេសជប៉ុន (JDS) ចំនួន ២៤រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យានានា នៃប្រទេសជប៉ុន ។

ក្នុងជំនួបនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ចំនួន ៦ចំណុច ដល់ក្មួយៗ រួមមាន៖

ទី១-សូមក្មួយៗ ពេលទៅសិក្សានៅប្រទេសជប៉ុន ត្រូវយកអស់ពីកម្លាំកាយ កម្លាំចិត្ត កម្លាំងស្មារតី និងកម្លាំងប្រាជ្ញា ខិតខំរៀសូត្រសំដៅធ្វើយ៉ាងណា ពេលបញ្ចប់ការសិក្សា ឱ្យទទួលបាន និទ្ទេសខ្ពស់ ។

ទី២-សូមយកចិត្តទុកដាក់អនុវត្ត ឱ្យបានម៉ឹងម៉ាត់នូវច្បាប់ ទម្លាប់ ប្រពៃណីរបស់ប្រទេសជប៉ុន អនុវត្តឱ្យបានម៉ឹងម៉ាត់នូវវិន័យ របស់សាកលវិទ្យាល័យ ដោយខិត ខំព្យាយាមរៀនសូត្រ ដើម្បីបង្ហាញឱ្យមិត្តរួមថ្នាក់ សាលា និងប្រជាជនជប៉ុន បានឃើញ អំពីអត្តចរិតថ្លៃថ្នូរ រៀបសារ ឧស្សាហ៍ព្យាយាម និងអត់ធ្មត់ របស់ជនជាតិខ្មែរយើង ។

ទី៣-សូមក្មួយៗខិតខំក្រេបជញ្ជក់ នូវបច្ចេកវិទ្យាទំនើបថ្មីៗ ចំណេះដឹង បទពិសោធន៍ល្អទាំងឡាយ ដើម្បីពេលក្មួយៗត្រឡប់មកប្រទេសជាតិវិញ យកចំណេះដឹងទាំងអស់នោះ ចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ ។

ទី៤-ត្រូវរក្សាភ្ជាប់នូវទំនាក់ទំនងល្អ ជាមួយនឹងបណ្តាមិត្តជានិស្សិតរួមថ្នាក់ និងសាស្ត្រាចារ្យ មន្ត្រីបុគ្គលិក របស់សាកលវិទ្យាល័យ និងជាមួយនឹងប្រជាជនជប៉ុន ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីសភាពការពិត ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ សក្តានុពលដ៏សម្បូរបែប របស់ប្រទេសជាតិយើង ដើម្បីឱ្យពួកគេយល់កាន់តែច្បាស់ ហើយជួយផ្សព្វផ្សាយ អូសទាញភ្ញៀវទេសចរណ៍ជប៉ុនមកទស្សនា និងអ្នកវិនិយោគទុនមកបណ្តាក់ទុន នៅប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

ទី៥-សូមរក្សាទំនាក់ទងល្អ ជាមួយនឹងស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសជប៉ុន ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងអាចជួយដោះស្រាយ បញ្ហាមួយចំនួន ដែលក្មួយៗមានសំណូមពរ ។

ទី៦-សូមយកចិត្តដាក់ខ្ពស់ ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន គឺត្រូវឧស្សាហ៍លាង ដៃជាមួយនឹងសាប៊ូ ឱ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាត ឱ្យខ្ជាប់ខ្ជួនជាប្រចាំ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ។

សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជឿជាក់ថា នៅពេលដែលក្មួយៗ បញ្ចប់ការសិក្សា ត្រឡប់មកវិញនឹងក្លាយជាធនធានមនុស្ស របស់ប្រទេសកម្ពុជា ប្រកបដោយសក្តានុពល ក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិយើង ឱ្យក្លាយទៅប្រទេសដែ លមានការរីកច ម្រើនខ្ពស់ ដូចបណ្តាប្រទេសនៅក្នុងតំបន់ និងក្លាយទៅជាសង្គមដែលមានអរិយធម៌ សេចក្តីស្រឡាញ់ ហើយគ្មានការកើតឡើងវិញ នូវសម័យសង្គ្រាម នូវរបបប្រល័យពូជសាសន៍ ក៏ដូចជាការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ ។
អាហារូបករណ៍ JDS គឺជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលបានបង្កើតឡើង នៅកម្ពុជា តាំងពីឆ្នាំ២០០០ ក្នុងនោះមានគោលដៅជួយលើក ស្ទួយការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ។ អាហារូបករណ៍នេះ មានបំណងជ្រើស រើសមន្ត្រីរាជការតាមក្រសួង និងស្ថាប័នរដ្ឋនានា ដើម្បីធ្វើការប្រកួតប្រជែងសម្រាប់ការ បន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យាល័យ នានានៅប្រទេសជប៉ុន។

នៅក្នុងឱកាសនោះ លោក វុន ផានិត តំណាងនិស្សិតអាហារូបករណ៍អភិវឌ្ឍធន ធានមនុស្ស របស់ប្រទេសជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យប្រតិភូប្រតិភូនិស្សិត អាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស របស់ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នាពេលនេះ ។

លោក វុន ផានិត បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា នៅខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានសម្រេចជ្រើសរើសបេក្ខជនជ័យលាភី សម្រាប់អាហារូបករណ៍ (JDS) ចំនួន២៤រូប ដើម្បីបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសជនប៉ុន ។ សូមជម្រាបថា គិតរហូតមកដល់ពេលនេះ មាននិស្សិតចំនួន៤១៦នាក់ ត្រូវបានបញ្ជូនទៅសិក្សា នៅប្រទេសជប៉ុន តាមជំនាញសិក្សារៀងៗខ្លួន ៕
ស.សំណាង

To Top