ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ អាជ្ញាធរបម្រើ សេវាសាធារណៈ ឲ្យពលរដ្ឋ តាមតួនាទីភារៈកិច្ច របស់ខ្លួន គឺជាកិច្ចការដ៏សំខាន់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អាជ្ញាធរ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមតួនាទី និងភារៈកិច្ចរបស់ខ្លួន គឺជាកិច្ចការដ៏សំខាន់បំផុត ពោលមានទីតាំងកន្លែង ការងារល្អហើយ ចាំបាច់ត្រូវធ្វើការងារបម្រើពួកគេឲ្យបានល្អដែរ។

សម្ដេច ស ខេង មានប្រសាសន៍ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា «ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមតួនាទីភារៈកិច្ចរបស់យើង គឺជាកិច្ចការដ៏សំខាន់ បានសេចក្ដីថា យើងមានទីតាំងស្នងការដ្ឋានល្អហើយ ចាំបាច់ត្រូវធ្វើការងារ បម្រើប្រជាពលរដ្ឋឲ្យល្អដែរ ដែលប្រជាពលរដ្ឋផ្ដល់ក្ដីសង្ឃឹម និងជំនឿមកលើយើងទាំងអស់គ្នាថា ជួយរក្សាសន្ដិសុខ និងសុវត្ថិភាព ជូនពួកគាត់ ។ នេះជាកិច្ចការយ៉ាងសំខាន់ ដែលយើងទាំងអស់គ្នាត្រូវចង់ចាំ និងធ្វើបន្ដទៀត» ។

សម្ដេចក្រឡាហោមបន្ដថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំធ្វើយ៉ាងណាឲ្យរដ្ឋបាលសាធារណៈនៅជិតពល រដ្ឋ ដើម្បីងាយស្រួលធ្វើការងារអ្វីមួយ ដែលពួកគាត់ ចង់ធ្វើ ហើយមន្ដ្រីសាធារណៈត្រូវមានលក្ខណៈ សមរម្យ ក្នុងគោលបំណងឲ្យពលរដ្ឋមានជំនឿទុកចិត្ត។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឲ្យអាជ្ញាធរបន្ដពង្រឹង សុខសន្ដិភាពជារៀង រហូត ដើម្បីជាគុណប្រយោជន៍ នៃការអភិវឌ្ឍក្នុងសង្គម ។ ទន្ទឹមនោះ ការខិតខំប្រឹងប្រែងពង្រឹងសុខសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅមូលដ្ឋាន គឺជាកិច្ចការដ៏សំខាន់ ៕ ដោយ អេង ប៊ូឆេង

To Top