ព័ត៌មានជាតិ

សម្ដេច ស ខេង ផ្អាកការងារ លោក អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំ បណ្ដោះអាសន្ន និងផ្ទេរការងារស្នង ការរង២នាក់ទៀត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារ លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរ បាលខេត្តកំពង់ធំជាបណ្ដោះអាសន្ន ក្រោយបង្កបញ្ហាអាស្រូវផ្លូវភេទ ជាមួយបុគ្គលិកបម្រើការនៅ ស្នងការខេត្តនេះ។

ក្រៅពីផ្អាការលោក អ៊ុក កុសលនេះហើយ សម្តេច ស ខេង បានផ្ទេរការងារមួយចំនួន របស់ស្នងការរង២ផងដែរ។

បើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយ សម្តេច ស ខេង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក អ៊ុក កុសល ត្រូវមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី។

ដោយឡែកលិខិតរបស់ក្រសួងមហាផ្ទៃ មួយទៀត គឺសម្ដេចក្រឡហោម ស ខេង បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស្រ៊ន ស្នងការរងជាស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ជាងនេះទៅទៀត សម្ដេចស ខេង ក៏បានផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន ពីស្នងការរង ទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ ឲ្យមកបម្រើការងារនៅ នាយកដ្ឋានបុគ្គលិក។

សូមរំលឹកថា ការសម្រេចផ្អាកការងារបណ្ដោះអាសន្ន របស់ស្នងការខេត្តកំពង់ធំ ក្រោយពីក្រុមនគរបាលជានារីនៃស្នងការនគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានសរសេរលិខិតស្នើសុំ សម្ដេចក្រឡាហោម ស ខេង ជួយរកយុត្តិធម៌ជូនពួកគេ ក្រោយលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបៀតបៀន កេរ្តិ៍ខ្មាស់ពួកខ្លួន៕ ដោយ អេង ប៊ូឆេង

To Top