ភ្នំពេញ៖ លោក ម៉ាក សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម បានធ្វើការប្ដេជ្ញាចិត្ត ជម្រុញការផលិត ស្បៀងឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ក្នុងស្រុកគ្រប់គ្រាន់ និងនាំចេញទៅក្រៅប្រទេសច្រើនឡើង ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ដែលនឹងប្រែក្លាយវិបត្តិកូវីដ១៩ ឲ្យទៅជាឱកាស សម្រាប់វិស័យកសិកម្ម ។
កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងប្រែក្លាយវិបត្តិកូវីដ១៩ ឲ្យទៅជាឱកាស សម្រាប់វិស័យកសិកម្ម ខណៈវិស័យមួយចំនួន បានរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩នេះយ៉ាងខ្លាំង។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី ផលប៉ះពាល់ និងវិធានការឆ្លើយតបបញ្ហា ប្រែប្រួលអាកាសធាតុ ក្នុងវិស័យផលិតកម្មកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោកម៉ាក សឿន បានថ្លែងថា “ធ្វើម៉េចជម្រុញទីមួយ ផលិតកម្មស្បៀងឲ្យមានគ្រប់គ្រាន់ ហើយស្រូវអង្ករ យើងអាចធានាបាន យើងផ្ដោតទៅលើស្រូវក្រអូប។ អីចឹងគឺយើងខិតខំប្រែក្លាយវិបត្តិកូវីដ១៩ បង្កើតការងារនៅក្នុងកសិដ្ឋាន ដោយប្រើបច្ចេកវិទ្យាទំនើប ប្រើពលកម្ម ឧទាហរណ៍ថា បន្លែអីគាត់ត្រូវការពលកម្មប្រមូលផលអី គាត់អាចជួល”។
លោកបញ្ជាក់ថា ភ្នាក់ងារនាយកដ្ឋាន សហគមន៍អភិវឌ្ឍន៍ កសិកម្មបាននិងកំពុងធ្វើការ សម្របសម្រួលជាមួយសហគមន៍កសិកម្ម ,សហភាពសហគមន៍កសិកម្ម ,សម្ព័ន្ធសហគមន៍កសិកម្ម(ក្រុមហ៊ុនរបស់កសិករ)ដើម្បីជួយដល់កសិករ ក្នុងវិបត្តិកូវីដ១៩នេះផងដែរ។
ក្នុងឱកាសនោះលោកបញ្ជាក់ថា ទាក់ទងការប្រែប្រួលអាកាសធាតុ នៅឆ្នាំ២០២០នេះធ្វើឲ្យមានការប៉ះពាល់ស្រូវប្រមាណជា៩ម៉ឺនហិកតា។
ជាមួយគ្នានោះលោកបន្ថែមទៀតថា ក្រសួងកសិកម្ម មានចក្ខុវិស័យរយៈពេលវែង រហូតដល់ឆ្នាំ២០៣០ ដែលកសិកម្មកម្ពុជា នឹងក្លាយជាកសិកម្មទំនើប ប្រកបដោយការប្រកួតប្រជែង និងការប្រែប្រួលអាកាសធាតុ បរិញ្ញាប័ននិងមាននិរន្តរភាព សម្រាប់បង្កើនប្រាក់ចំណូល ដល់កសិករ និងបង្កើននូវសុខុមាលភាពដល់ប្រជាពលរដ្ឋជាដើម។
ពាក់ព័ន្ធពូជស្រូវវិញ លោកអគ្គនាយករង បានបញ្ជាក់ថា ក្រសួងបានស្រាវជ្រាវរកឃើញពូជស្រូវចំនួន ៤៤ពូជ ក្នុងនោះ មានចំនួន១០ ពូជដែលមានលក្ខណៈធុននឹងអាកាសធាតុ(កម្ដៅ ទឹកជំនន់ រាំងស្ងួត ទឹកប្រៃ ជំងឺនិងសត្វល្អិត)៕ដោយ៖ធី លីថូ