ពោធិសាត់៖ អភិបាល នៃគណះអភិបាលខេត្តពោធិសាត់ លោកម៉ៅ ធនិន នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនក្មេងប្រុស ៤ នាក់ ដែលរងរបួស ដោយសាររើស កាកសំណល់គ្រាប់មិនទាន់ផ្ទុះ នាំគ្នាយកមកគប់លេង បណ្តាលអោយផ្ទុះ រងរបួសជាទម្ងន់ កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២០កន្លងទៅ ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើចំពោះក្រុមគ្រួសារ និងអាណាព្យាបាលក្មេងប្រុសរងគ្រោះ និង ជូនពរអោយក្មួយៗទាំង៤នាក់ ឆាប់បានជាសះស្បើយ និងឆាប់បានវិលត្រឡប់ ទៅលំនៅដ្ឋានវិញ។
បច្ចុប្បន្ម ក្មេងរងគ្រោះទាំង៤នាក់ កំពុងសម្រាកព្យាបាលមុខរបួស នៅមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ ដោយមានការយកចិត្តទុកដាក់ ពីក្រុមគ្រួពេទ្យ បានល្អប្រសើរផងដែរ។
គួរបញ្ជាក់ថា នៅវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២០កន្លងទៅ ក្មេងប្រុសទាំង៤នាក់ បានរើសគ្រាប់មិនទាន់ផ្ទុះ ហើយមិនស្គាល់ក៏នាំគ្នាយកមកគប់លេង ក៏បណ្តាលអោយផ្ទុះរងរបួសតែម្តង ហើយក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានរួម និងក្រុមគ្រួសារ បានយករថយន្តដឹកក្មេងទាំង៤នាក់ មកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ បានទាន់ពេលវេលា៕