ភ្នំពេញ៖ ក្នុងខែកក្កដា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ២៤០ ១៧៥ដុល្លារអាមេរិក ក្នុងនោះថវិកាជាខ្មែរមានចំនួន ៤៤៧ ២២៤ ៥០០ រៀល និងដុល្លារមានចំនួន ១២៨ ៣៦៩ ដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជាចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០បានឲ្យដឹងថាថវិកា ជាង២៤ម៉ឺនដុល្លារនេះ ទទួលបានពីសប្បុរសជន ១៦ ២៧៨រូប ដែលរួមមាន សមាជិកកិត្តិយស ៥រូប, សមាជិកគាំទ្រ ១៥ ២៣៣រូប និងសប្បុរសជនផ្សេងៗ ១ ០៤០រូប, និងបានមកពីហិបបរិច្ចាគនៅតាមគោលដៅចំនួន ១ទីតាំង។ ជាមួយគ្នានេះដែរ មូលនិធិក៏បានផ្ទេរថវិកាចំនួន ៨ ៣៥៤ដុល្លារអាមេរិក ដែលទទួលបានពីការកាត់កម្រៃសំបុត្រ ចូលទស្សនាតំបន់រមនីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ផងដែរ។
សេចក្ដីប្រកាសឲ្យដឹងបន្ថែមថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា តាមរយៈការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងគ្មានការរើសអើង។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជននានា រួមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបរិច្ចាគចូលជា សមាជិកកិត្តិយស ចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល ឬ ៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ចាប់ពី ៥ ០០០ (ប្រាំពាន់)រៀល ក្នុងមួយខែ ឬ ៦០ ០០០ (ប្រាំមួយម៉ឺន)រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕